ព័ត៌មានជាតិ

សិក្ខាសាលាពិនិត្យផ្ទៀងផ្ទាត់ និងឯកភាពលើផែនការមេ និម្មាប័នកម្មសហគ្រាស សុខាភិបាលឌីជីថល

ខេត្តកំពង់ចាម៖ ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពីធីបើកសិក្ខាសាលាពិនិត្យផ្ទៀងផ្ទាត់ និងឯកភាពលើផែនការមេ និម្មាប័នកម្មសហគ្រាស សុខាភិបាលឌីជីថល។

ថ្លែងក្នុងអង្គសិក្ខាសាលានេះ ឯកឧត្តមវេជ្ជបណ្ឌិតរដ្ឋលេខាធិការ បានបញ្ជាក់ថា ចក្ខុវិស័យរបស់យុទ្ធសាស្រ្តសុខាភិបាលឌីជីថលនេះ មានភាពច្បាស់លាស់គឺ «ប្រជាជនម្នាក់ៗទទួលបានសេវាសុខាភិបាល គ្រប់ជ្រុងជ្រោយមានគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងប្រកបដោយសមធម៌ ផ្អែកលើមូលដ្ឋានអត្តសញ្ញាណករសុខាភិបាលមួយ និងកំណត់ត្រាសុខភាពឌីជីថលមួយ»។ ដូច្នេះ ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ យើងត្រូវបង្កើតមូលដ្ឋានគ្រឹះឌីជីថល តាមរយៈវិធីសាស្រ្តប្រទាក់ក្រឡាគ្នា ជាវិស័យសុខាភិបាលឌីជីថលរួមតែមួយ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានរំលឹកជាថ្មីថា សិក្ខាសាលាក្នុងពេលនេះផ្តោតសំខាន់លើ និម្មាប័នកម្មសហគ្រាសសុខាភិបាលឌីជីថលកម្ពុជា (Cambodia Digital Health Enterprise Architecture) ដែលជាផែនទីបង្ហាញផ្លូវក្នុងដំណើរ នៃប្រព័ន្ធអេកូឌីជីថលក្នុងវិស័យសុខាភិបាល។ ឯកឧត្តមវេជ្ជបណ្ឌិតបានបន្ថែមថា និម្មាប័នកម្មសហគ្រាសសុខាភិបាលឌីជីថល គឺជាទិសដៅថ្នាក់ជាតិ ដែលជាក្របខ័ណ្ឌរបស់ក្រសួងសុខាភិបាល ក្នុងការវិនិយោគលើវិស័យសុខាភិបាលឌីជីថលក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។

ផែនការយុទ្ធសាស្រ្តសុខាភិបាលឌីជីថល បានកំណត់ទិសដៅច្បាស់លាស់សម្រាប់ឆ្នាំ២០២៥, ២០៣០ និង២០៣៥ ដូចខាងក្រោម៖
– ឆ្នាំ២០២៥ ត្រូវមានមូលដ្ឋានគ្រឺះលើការគ្រប់គ្រងគោលនយោបាយ និងនិម្មាប័នកម្មដំណាក់កាលដំបូង
– ឆ្នាំ២០៣០ ប្រព័ន្ធ និងសេវាកម្មត្រូវតែបានភ្ជាប់ និងអាចធ្វើអន្តរប្រតិបត្តិការចូលគ្នាបាន
– ឆ្នាំ២០៣៥ កម្ពុជាត្រូវមានប្រព័ន្ធសុខាភិបាលឌីជីថលឆ្លាតវៃ មានសុវត្ថិភាព និងផ្តោតលើប្រជាជនម្នាក់ មានលេខអត្តសញ្ញាណសុខាភិបាលតែមួយ និងក្នុងទម្រង់សុខាភិបាលឌីជិថលតែមួយ។

ជាចុងក្រោយ ឯកឧត្តមវេជ្ជបណ្ឌិត ថ្លែងអំពីបរិវត្តកម្មសុខាភីបាលឌីជីថល មិនមែនគ្រាន់តែផ្តោតលើការអភិវឌ្ឍផ្នែកបច្ចេកវិទ្យានោះទេ តែក៏ផ្តោតការយកចិត្តទុកដាក់លើប្រព័ន្ធ អភិបាលកិច្ច ធនធានមនុស្ស និងប្រជាពលរដ្ឋជាអ្នកទទួលផល ៕

Leave a Reply

Your email address will not be published. Required fields are marked *