រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកទិវាវេជ្ជសាស្ត្រ–សល្យសាស្ត្រលើកទី៦ និងថែទាំវេជ្ជសាស្ត្រលើកទី៤ នៃមន្ទីរពេទ្យព្រះអង្គឌួង ក្រោមប្រធានបទ៖ «ទំនើបកម្មនៃការព្យាបាល និងការថែទាំយ៉ាងយកចិត្តទុកដាក់ ដើម្បីសុខភាពល្អប្រសើរ» ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងរថា៖ ជាអ្នកដឹកនាំ រាល់ការសម្រេចចិត្តដើម្បីសុខភាពរបស់អ្នកជំងឺ គឺជាការសម្រេចចិត្ត ដែលមិនមែនសម្រេចចិត្តពីក្នុងការិយាល័យទេ គឺជាការសម្រេចចិត្តពីការកសាងឡើងពីទំនុកនៅលើកន្លែងអនុវត្តជាមួយនឹងវេជ្ជបណ្ឌិត អ្នកថែទាំ និងអ្នកជំនាញ ដោយចុះពិនិត្យផ្ទាល់តែម្តងផងដែរ។ ឯកឧត្តមសាស្រ្តាចារ្យ បានផ្តាំផ្ញើបន្ថែមថា៖ សុខភាពរបស់ប្រជាពលរដ្ឋ បានពីការព្យាបាលចេញជាផលជាសះស្បើយ។ ហើយការព្យាបាលប្រជាពលរដ្ឋមួយករណីៗ ជាការទទួលខុសត្រូវរបស់បុគ្គលិកសុខាភិបាលយើង ដោយចូលរួមជាមួយជាតិគាំទ្រការអភិវឌ្ឍន៍ប្រទេស ដែលការព្យាបាលទាំងអស់នោះត្រូវបានកត់ត្រាទុក។ សូមគ្រប់ការសម្រេចចិត្ត ផ្អែលលើគតិបណ្ឌិតនៃវិជ្ជាជីវៈជំនាញ ដោយគោរពនិយាមវិទ្យាសាស្រ្ត ស្តង់ដារជាតិ និងអន្តរជាតិឱ្យ បានច្បាស់លាស់ ដែលការព្យាបាលបែបនេះពិតជាមានប្រសិទ្ធភាពពិតប្រាកដ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចចំនុចគួរចងចាំ ដូចជាគោលការណ៍សុវត្ថិភាពអ្នកជំងឺ ដែលជារឿយៗថា “គ្មានគុណភាពឯណាដែលបានមកពីសេវាដែលគ្មានសុវត្ថិភាពនោះទេ”។ សុវត្ថិភាព អ្នកជំងឺមិនមែនជាការងារបន្ថែមរបស់យើងនោះទេ វាគឺជាមូលដ្ឋានគ្រឹះនៃការថែទាំប្រកបដោយគុណភាព។ សុវត្ថិភាពអ្នកជំងឺ គឺជាការងារជាប្រព័ន្ធមួយ ដែលចាប់ផ្តើមពីថ្នាក់ដឹកនាំ របស់គ្រឹះស្ថានសុខាភិបាលគ្រប់កម្រិត ក្នុងការបណ្តុះភាពជាអ្នកដឹកនាំ កសាងវប្បធម៌ សុវត្ថិភាព ជំរុញឱ្យបុគ្គលិកចូលរួមមតិ យោបល់ ការកាត់បន្ថយកំហុសវេជ្ជសាស្ត្រតាមរយៈការអនុវត្តគោលការណ៍ណែនាំ ពិធីសារថែទាំនិងព្យាបាល និងការទទួលខុសត្រូវលើតួនាទីរបស់អ្នកវិជ្ជាជីវៈ ក្នុងការរក្សាសុវត្ថិភាពអ្នកជំងឺ៕





