(កំពង់ចាម)៖ ស្ថិតនៅក្នុងបរិវេន ប្រាសាទនគរបាជ័យ វ័យ១ពាន់ឆ្នាំ ក្រោមស្នាព្រះហស្ថ របស់ព្រះបាទជ័យវរ្ម័នទី៧ ដ៏មានបារមីពូកែស័ក្តិសិទ្ធិ, នាល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ ញ៉ូង ចរិយា អ៊ុន ចាន់ដា ព្រមទាំង ឯកឧត្តម ទុំ លឹមយ៉ុន សមាជិកក្រុមប្រឹក្សាខេត្ត តំណាង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញរៀបចំពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចំរើន ជូនដល់វីរៈកងទ័ពជួរមុខ និងប្រជាជនកកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ព្រះសង្ឃ ចំនួន ៤៨៧អង្គ មន្ត្រីរាជការ មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ក្នុងពិធីដ៏មានអត្ថន័យនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋទាំងអស់បានរួមគ្នា សំពះបួងសួងទៅកាន់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមឲ្យទេវតា និងអង្គអ្នកតាថែរក្សាទឹកដី តាមជួយថែរក្សា និងប្រទានពរជ័យជូនដល់វីរកងទ័ពជួរមុខទាំងអស់ សូមឲ្យបានជួបប្រទះតែសេចក្តីសុខ សុវត្ថិភាពគ្រប់ប្រការ មានកម្លាំងកាយ កម្លាំងចិត្តមាំមួន និងទទួលបានជ័យជម្នះគ្រប់ភារកិច្ច ដើម្បីបន្តបំពេញកាតព្វកិច្ចដ៏ថ្លៃថ្លាក្នុងការការពារសន្តិភាព និងឯករាជ្យជាតិប្រកបដោយជោគជ័យ។
សូមបញ្ជាក់ថា ពិធីនេះ បានបង្ហាញពីស្មារតីសាមគ្គីភាព និងការដឹងគុណយ៉ាងធំធេងរបស់រដ្ឋបាលខេត្តកំពង់ចាម ចំពោះការលះបង់ដ៏ខ្ពង់ខ្ពស់របស់កងទ័ព ដែលជាខែលការពារជាតិ និងជាឆ្អឹងខ្នងការពារសុវត្ថិភាពជូនប្រជាជនកម្ពុជាទាំងមូល៕





