(បន្ទាយមានជ័យ)៖ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក និងពិធីបុណ្យឯករាជ្យជាតិឆ្នាំ២០២៥នេះ ពន្ធនាគារខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រកាសព្រះរាជក្រឹត្យលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន៣១/ស្រី៣នាក់ ក្រោមអធិបតីភាពលោក ឃូ ពៅ អភិបាលរង ខេត្តបន្ទាយមានជ័យ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ ។ ពិធីនេះបានធ្វើឡើងនៅសាលប្រជុំ ពន្ធនាគារខេត្ត ស្ថិតក្នុងភូមិទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃ១១ ខែវិច្ឆិការ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជរង នៃអយ្យការអមសាលាដំបូងខេត្ត លោកវរៈសេនីយ៍ឯក ពៅ ខេមរា ស្នងការរង នគរបាលខេត្តបន្ទាយមានជ័យ រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។
ក្នុងពិធីបន្ធូបន្ថយទោសនោះលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ឆង ឈឺន អនុប្រធានពន្ធនាគារខេត្ត បានមានប្រសាសន៍លើកឡើងថា៖អង្គភាពបានទទួលព្រះរាជការបន្ធូរបន្ថយទោសនិងលើកលែងទោសដល់ទណ្ឌិតក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក និងពិធីបុណ្យឯករាជ្យជាតិឆ្នាំ២០២៥នេះចំនួន ៣១/ស្រី៣នាក់ ក្នុងនោះបន្ធូរបន្ថយទោសនិងលើកលែងទោសដល់ទណ្ឌិតក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ចំនួន១៦នាក់ រួមមាន៖ បន្ធូរបន្ថយទោស៣ខែចំនួន ១៥នាក់ ស្ត្រី២នាក់។ បន្ធូរបន្ថយទោស ៩ខែ ចំនួន១នាក់ ស្រ្តី០។និងពិធីបុណ្យឯករាជ្យជាតិ ៩វិច្ចិការ ឆ្នាំ២០២៥ ចំនួន១៥នាក់ រួមមាន៖បន្ធូរបន្ថយទោស ៣ខែ ចំនួន១៥នាក់ ស្រ្តី១នាក់។
ថ្លែងក្នុងឱកាសនោះលោក ឃូ ពៅ អភិបាលរង ខេត្ត និងលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជរង នៃអយ្យការអមសាលាដំបូងខេត្ត បានធ្វើការកោតសរសើរនិងវាយតម្លៃចំពោះថ្នាក់ដឹកនាំពន្ធនាគារខេត្ត និងមន្ត្រីក្រោមឱវ៉ាទ ដែលបានធ្វើការខិតខំប្រឹងប្រែងគ្រប់គ្រង ថែរក្សាអ្នកជាប់ឃុំ ក្នុងនោះបានពិនិត្យវាយតម្លៃ លើសកម្មភាព អនុវត្តគុណសម្បត្តិ នៃរយៈពេលការជាប់ឃុំរបស់ទណ្ឌិត ហើយវាយតម្លៃ ស្នើសុំបន្ធូរបន្ថយទោស ពី៣ ខែ៦ ដល់ ៩ខែផងដែរ។
លោក ឃូ ពៅ ក៏បានផ្តាំផ្ញើរដល់ទណ្ឌិតដែលទទួលបានការបន្ធូរបន្ថយទោស ឲ្យធ្វើការផ្សព្វផ្សាយអំពីការបន្ធូរបន្ធយទោសរបស់ខ្លួន ទៅកាន់ទណ្ឌិតផ្សេងៗទៀត ក្នុងគោលដៅឲ្យចូលរួមគោរព អនុវត្ត បទបញ្ជាផ្ទៃក្នុងវិធាននានារបស់ពន្ធនាគារ និងព្យាយាមកែប្រែខ្លួនឲ្យក្លាយជាពលរដ្ឋល្អ ដើម្បីត្រៀមចូលមករួមរស់នៅក្នុងសហគមន៍ក្រោយពេលអនុវត្តទោសចប់សព្វគ្រប់៕





