ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រង្វាន់ ម៉ូតូ ៣គ្រឿង របស់សាលាអន្តរជាតិ សន្តិភាព អ៊ី អិន អេច នៅក្រុងប៉ោយប៉ែត ជូនសិស្សដែលជាប់និទ្ទេសA និងផ្តល់ជូនបណ្ណសរសើរដល់សិស្សនិទ្ទេសA&B សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ៩៦.៣៦% ក្នុងចំណោមសិស្សដែលចូលរួមប្រឡងសម័យប្រឡង ២៨ ខែសីហា ឆ្នាំ២០២៥ និងចែកវិញ្ញាបនបត្រមធ្យមសិក្សាបឋមភូមិ ជូនដល់សិស្សានុសិស្ស សាលាខាងលើផងដែរ។
លោក ឃឹម ឆេងអៀង អគ្គនាយក និងម្ចាស់សាលាអន្តរជាតិសន្តិភាព អ៊ី អិន អេច បានឱ្យដឹងថា ដំណើរការនៃការបង្រៀន និងរៀនរបស់សាលាចែកចេញជាពីរផ្នែក ផ្នែកភាសាខ្មែរ មានគ្រប់កម្រិតថ្នាក់ ចាប់ពីមត្តេយ្យសិក្សា ដល់វិទ្យាល័យ ការបង្រៀន និងរៀន អនុវត្តតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយបន្ថែម ម៉ោងសិក្សាកុំព្យូទ័រចាប់ពី ថ្នាក់ទី៣ទៅ និងសិក្សាទម្លាប់ល្អទាំង៧ របស់បុគ្គលឆ្នើមដែលមានប្រភពមកពីសហរដ្ឋអាមេរិក។ និងផ្នែកភាសាអន្តរជាតិ(ភាសាអង់គ្លេស និងចិន) គ្រប់កម្រិត ដែលមានគ្រូបរទេសចម្រុះជាតិសាសន៍។ លោកបន្តថា លទ្ធផលនៃសិក្សាចំពោះសិស្សដែលទទួលបានរង្វាន់លើកទឹកចិត្តសិស្សទទួលបាននិទ្ទេស A ចំនួន ០៣នាក់ (ស្រី១នាក់) ទទួលបានម៉ូតូហុងដាឌ្រីម ២០២៦ ម្នាក់ ១ គ្រឿង, សិស្សទទួលបាននិទ្ទេស B ចំនួន ១១ នាក់(ស្រី០៩នាក់) ទទួលបានកុំព្យូទ័រយួរដៃម្នាក់ ១គ្រឿង, សិស្សទទួលបាននិទ្ទេស C,D,E សរុបចំនួន ៣៩នាក់ (ស្រី២២នាក់) ទទួលបានបណ្ណសរសើរម្នាក់១ ។
នាឱកាសនោះ ឯកឧត្ដម អ៊ុំ រាត្រី បានសម្តែងនូវក្តីមោទនភាពសម្រាប់ខេត្តបន្ទាយមានជ័យ ដែលយុវសិស្ស ឃុន ដាលីណា បាន ជាប់ និទ្ទេស A លំដាប់ ពិន្ទុ ១០០.០០០ ខ្ពស់ជាងគេទូទាំងប្រទេស យុវសិស្សរូបនេះ មកពីសាលារៀនសុវណ្ណភូមិ ក្នុងក្រុងប៉ោយប៉ែត។ ដែលជាលទ្ធផលរួមខេត្តបន្ទាយមានជ័យទទួលបានសិស្សប្រឡងជាប់និទ្ទេស A ចំនួន១២៦នាក់។
ឯកឧត្ដម លើកឡើងថា វិស័យអប់រំ មិនថានៅតាមគ្រឹះស្ថានសិក្សារដ្ឋ និងគ្រឹះស្ថានសិក្សាឯកជននោះទេ សុទ្ធតែជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការចូលរួមបណ្ដុះគ្រាប់ពូជល្អៗសម្រាប់សង្គមយើង តាមរយៈការយកចិត្តទុកដាក់ខ្ពស់ក្នុងការប្រឡងដណ្ដើមយកស្នាដៃ លើកស្ទួយកិត្តិសព្ទខេត្តយើងឱ្យកាន់តែល្បីរន្ទឺថែមទៀត៕





