បន្ទាយមានជ័យ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្ដម ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សា ខេត្ត លោកជំទាវ នួម សុភ័ណ អ្នកតំណាង មណ្ឌលបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសង្រ្គោះបន្ទាន់ និងវះកាត់តូច នៅមន្ទីរបង្អែក អូរជ្រៅ ក្រោមជំនួយរបស់មន្ទីរពេទ្យមិត្តភាពកម្ពុជា–ចិន ព្រះកុសុមៈ និងសប្បុរសជន។
ពិធីនេះបានប្រារព្ធធ្វើឡើង នៅមន្ទីរពេទ្យ បង្អែក អូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមវេជ្ជបណ្ឌិតឯកទេស តាន់ សុគុន នាយកមន្ទីរពេទ្យមិត្តភាពកម្ពុជា–ចិន ព្រះកុសុមៈ និងលោកជំទាវ ស៊ន ឌីធីតា ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីសុខាភិបាលខេត្ត ស្រុក និងពលរដ្ឋផងដែរ។
ឯកឧត្តមវេជ្ជបណ្ឌិតឯកទេស តាន់ សុគុន នាយកមន្ទីរពេទ្យមិត្តភាពកម្ពុជា–ចិន ព្រះកុសុមៈ បានឱ្យដឹងថា មូលហេតុដែលឯកឧត្តមមកធ្វើការសាងសង់ អគារសង្រ្គោះបន្ទាន់ និងវះកាត់តូច នៅទីនេះគឺជាគោលនយោយបាយរបស់ក្រសួងសុខាភិបាល ដែលធ្វើយ៉ាងណាពង្រឹង និងពង្រីក ប្រព័ន្ធសុខាភិបាល នៃការគ្រប់គ្រង ក៏ដូចជា បង្កើនសេវាកម្មសុខាភិបាលសាធារណៈ ផ្តល់ជូនប្រជាជន ហើយក៏ជាការចូលរួមកសាងប្រទេស និងជាការឆ្លើតបបរិបទប្រទេសកំពុងមានបញ្ហាព្រំដែនជាមួយប្រទេសជិតខាងផងដែរនោះ។ ឯកឧត្តមវេជ្ជបណ្ឌិតឯកទេស តាន់ សុគុន បន្តថា ការសាងសង់អគារសង្រ្គោះបន្ទាន់ និងវះកាត់តូចនេះមិនមានអ្វីប្លែកនោះទេ វាជាគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល នាអាណតិថ្មីក្រោមការដឹកនាំរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកចង់ពង្រីកវិសាលភាពសុខាភិបាល គ្របដណ្តប់ទូទាំងប្រទេស ដូច្នេះតាមយន្តការនេះលោកបានធ្វើការបែងចែកអំពីមន្ទីពេទ្យថ្នាក់ជាតិ ដែលមានលទ្ធភាព ជួយមន្ទីរពេទ្យបង្អែក ក៏ដូចជាការរៀបចំបង្ហាត់បង្រៀនមន្ត្រីឲ្យចេះដោះស្រាយដោយខ្លួនឯង តាមរយះការបង្ហាត់បង្រៀនជារៀងរាល់សប្តាហ៍នាថ្ងៃអង្គារ៍។
ឯកឧត្តមវេជ្ជបណ្ឌិតឯកទេស តាន់ សុគុន បញ្ជាក់ថា ក្នុងនាមអង្គភាពថ្នាក់ជាតិដែលនៅគៀកក្រសួងសុខាភិបាល និងមន្ទីរពេទ្យធំៗ យើងអាចមានលទ្ធភាពក្នុការជួយនៅតាមខេត្ត ហើយការសាងសង់នេះគឺយើងធ្វើការសាងសង់បន្ទាន់ ដើម្បីធ្វើយ៉ាងណាឆាប់បានប្រើប្រាស់ទាន់ពេលវេលា ក្នុងការដោះស្រាយនៅពេលមានបញ្ហាបច្ចុប្បន្ន ក៏ដូចជាទៅថ្ងៃអនាគត់។
ព្រមជាមួយគ្នានោះ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ក៏បានអញ្ជើញសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ មន្ទីរពេទ្យមិត្តភាពកម្ពុជា–ចិន ព្រះកុសុមៈ ដែលបានសហការណ៍ជាមួយមន្ទីរពេទ្យបង្អែកអូរជ្រៅ បានរៀបចំព្យាបាលតាមបែបបូរាណចិន និងចាក់ម្ជុលវិទ្យាសាស្ត្រដោយឥតគិតថ្លៃជូនអ្នកជំងឺនៅក្នុងស្រុកអូរជ្រៅ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ មានលក្ខណះដូចជា ៖ ឈឺក្បាលជាប្រចាំ, ស្លឹកដៃជើង, ស្លាប់មួយចំហៀងខ្លួន, ឈឺចង្កេះ, ឈឺសន្លាក់, ដេកមិនលក់ផងដែរ៕





