ព័ត៌មានជាតិ

រដ្ឋបាលខេត្តបន្ទាយមា​នជ័យ បាន​រៀប​ចំពិធី អកអំបុក សំពះព្រះខែ ដើម្បី​អបអ​រសាទ​រព្រះរាជ​ពិធីបុ​ណ្យអុំទូក​ បណ្តែតប្រទីប និងអ​កអំបុក ​សំពះព្រះ​ខែ

បន្ទាយមានជ័យ ៖ នារាត្រី​ពេញបូ​ណ៌មី ថ្ងៃពុធ ១៥កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋបាលខេត្តបន្ទាយមា​នជ័យ បានរៀបចំពិធីអកអំបុក សំពះព្រះខែ ដើម្បីអបអរសាទរព្រះរាជពិ​ធីបុណ្យអុំទូក ​បណ្តែតប្រទី​ប និង​អកអំបុក សំពះព្រះខែ នាសួន​ច្បារថ្មី ដងស្ទឹងសិរីសោ​ភ័ណ ស្ថិតនៅភូមិបី សង្កាត់ព្រះពន្លា ក្រុង​សិរីសោភ័ណ។

ពិធីក៏មានការអញ្ជើ​ញចូលរួមពីសំណាក់ ឯកឧត្ដម ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សាខេត្ត លោក លី សុវ​ណ្ណារិទ្ធិ អភិបាលរង ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ​អ៊ុំ រាត្រី អភិបាល នៃគណៈអភិ​បាលខេត្ត​ខេត្តបន្ទា​យ​មានជ័យ លោកជំ​ទាវ ជ័យ​ ណារី អ៊ុំ រាត្រី ​ឯកឧត្តម លោកជំទាវ សមាជិក រដ្ឋសភាព្រឹទ្ធសភា សមាជិកក្រុមប្រឹក្សាខេត្ត បណ្តាមន្ទីរ អង្គភាព ក្រុងស្រុកទាំង៩ បងប្អូនប្រជាពលរដ្ឋ យ៉ាងច្រើ​នកុះករផងដែរ។

នា​ឱកាសនោះលោ​ក លី សុវណ្ណារិទ្ធិ អភិបាល រង នៃគណៈ​អភិបាលខេត្តក៏បានបញ្ជាក់ថា ដោយ​សារស្ថាន​ភាពព្រំដែន ឆ្នាំ២០២​៥នេះរដ្ឋបា​លខេត្ដ មិនបានរៀប​ចំការ​ប្រណាំងទូក ង ដូច​បណ្តា​ឆ្នាំមុនៗនោះ​ទេ តែបាន​រៀបចំ​បណ្តែតប្រទីប។ លោក បញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០​២៥ កន្លងទៅថ្មីៗនេះ ប្រមុខរា​ជរដ្ឋាភិបាល នៃប្រទេសទាំ​ងពី កម្ពុជាថៃ បានចុះ​ហត្ថលេ​ខាលើសេ​ចក្តីថ្លែងការ​រួមទីក្រុងកូឡាឡាំពួ ស្តីពី​កិច្ចព្រមព្រៀងសន្តិភាព ដែលមានលោក​ប្រធានាធិបតី​សហរដ្ឋអា​មេរិក លោក ដូណាល់ត្រាំ បាន​អញ្ជើញ​ជាអធិបតី និងជាសាក្សី ដោយមា​នការសម្រ​បសម្រួលរបស់​ប្រទេ​សម៉ាឡេស៊ីដែល​មាន​លោក ​នាយករដ្ឋមន្រ្តី អាន់វ៉ា អ៊ីប្រាហ៊ីម ជាប្រធា​នអាស៊ា​នប្តូរវេន និងជា​សាក្សី នៃពី​ធីនោះផងដែរ។

លោក ក៏បានបញ្ជាក់​ផងដែរថា សន្តិភាព ដែល​យើងបា​នមកដល់ថ្ងៃនេះ ដោយសា​រតែបងប្អូ​នប្រជាពល​រដ្ឋទូទាំង​ប្រទេសជឿ​ជាក់ទៅលើប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជាក្រោមកា​រដឹកនាំរបស់​សម្ដេច​ម​ហាប​វរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែល​បានដាក់ចេ​ញនូវយុទ្ធសាស្ត្រ រហូតទ​ទួល​បាន​នូវការ​ចុះកិច្ចព្រមព្រៀងស​ន្តិភាព​មួយនេះ។ ​

ក្នុងនោះ​ដែរ លោ​ក អភិបាលរង ខេត្ត ក៏បានក្រើ​នរំលឹកដល់មន្រ្តីរាជ​ការគ្រប់លំដាប់ថ្នាក់ កង​កម្លាំងប្រដាប់​អាវុធគ្រប់ប្រភេទ អាជ្ញាធរ​ដែនដីគ្រប់មូលដ្ឋាន បន្តយក​ចិត្តទុកដាក់ ខិតខំបំពេញភា​រកិច្ចតាមតួ​នាទីខ្លួន ដើម្បីបម្រើស​ន្តិសុខសុវត្ថិភាពសា​ធារណៈជូនប្រជាពលរដ្ឋ និងការផ្តល់​សេវាតាមរយៈ​យន្តការច្រកចេ​ញចូលតែមួយ ដែលមា​នរហ័សនាមថា ស្នាមញញឹម​ខេត្តបន្ទាយ​មានជ័យក្នុងការផ្តល់​សេវាល្អ មាន គុ​ណភាព តម្លាភាព​ គណនេយ្យភាព និងភាពជឿទុកចិត្តបាន​របស់ ប្រជាព​លរដ្ឋ ​និយាយរួម គឺ​ចូលរួមអនុ​វត្ត នូវ គោលនយោ​បាយភូមិឃុំសង្កាត់មានសុវត្ថិភាព ទាំង៧ចំណុច ក្នុងស្មារតី​បុរេសកម្ម សកម្ម និងអន្តរសកម្ម ដើម្បីភាពរីកចម្រើនរុងរឿង សុខក្សេម​ក្សាន្ត និងសុខដុមរមនារបស់ប្រជាពលរដ្ឋគ្រប់រូប៕

Leave a Reply

Your email address will not be published. Required fields are marked *