បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងវេទិកាតុមូល ផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្រោមមូលបទចូលរួមទាំងអស់គ្នា ដើម្បីជនភៀសសឹក និងសហគមន៍មានសុវត្ថិភាព ។ពិធីនេះបានប្រារព្ធធ្វើឡើងនៅវត្ត ចន្ទស៊ី សាមគ្គីរតនារាម ស្ថិតនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ។
មានប្រសាសន៍ក្នុងវេទិការខាងលើឯកឧត្ដម អ៊ុំ រាត្រី ក៏បានបញ្ជាក់ថា ក្នុងសង្គ្រាមដែលយោធាថៃបើកការឈ្លានពានជាលើកទី២ រំលោភដែនអធិបតេយ្យភាពកម្ពុជា យោងាធាថៃបានប្រើប្រាស់អាវុធធុនធ្ងន់ បាញ់ផ្លោងបំផ្លាញវត្តអារាមមួយចំនួន ផ្ទះសម្បែងជាច្រើនខ្នងរបស់ប្រជាពលរដ្ឋ ត្រូវបានបំផ្លាញព្រមទាំងបានបន្សល់ទុកនូវគា្រប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើន បាននិងកំពុងស្ថិតនៅរាយប៉ាយពាសពេញភូមិឋាន ទីអារាមសាសនា និងទីកន្លែងសាធារណៈនានាដែលបង្កជាហានិភ័យដល់ជីវិតមនុស្ស និងសត្វនៅឡើយ។
ក្នុងនោះឯកឧត្តម អ៊ុំ រាត្រី ក៏បានថ្លែងអំណរគុណចំពោះការចូលរួមទាំងប្រាជ្ញា ស្មារតី និងកម្លាំងកាយចិត្ត របស់មន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្តកាកបាទក្រហម អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់នាពេលកន្លងមក និងអំពាវនាវឱ្យការចូលរួម និងការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីកាកបាទក្រហមកម្ពុជា កាន់តែមានសក្តានុពលពេញលេញ ក្នុងបេសកកម្មជួយដល់អ្នករងគ្រោះ និងអ្នកងាយរងគ្រោះ កាន់តែប្រសើរឡើងថែមទៀត ជាពិសេសជម្រុញដល់ក្មួយៗសិស្សានុសិស្សត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន ។
សូមបញ្ជាក់ថា ទិវាជាតិយល់ដឹងអំពីមីន ថ្ងៃទី២៤ កុម្ភៈ គឺជាទិវាប្រចាំឆ្នាំដែលកម្ពុជាប្រារព្ធឡើង ដើម្បីផ្សព្វផ្សាយ និងអប់រំអំពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈ បានរួមចំណែកយ៉ាងសកម្មបំផុតជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបានគោលដៅ “ឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម”៕

