(បន្ទាយមានជ័យ)៖មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទដែលមានឯកឧត្តមប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងគណៈប្រតិភូអមដំណើរ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនាស្ពានបេតុង ១ខ្សែ ប្រវែង១០៨ម ទទឹង១០ម និងស្ថាបនាផ្លូវក្រាលបេតុងសងខាងក្បាលស្ពានប្រវែងសរុប ២០០ម ទទឹង១០ម កម្រាស់០,២ម ស្ថិតនៅភូមិព្រះពន្លា ទៅភូមិចក សង្កាត់ព្រះពន្លា ក្នុងក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ (DRR-NC-2023-No.046) អនុវត្តដោយក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ ដឹកជញ្ជូន និងសំណង់ ប្រើប្រាស់ថវិកាជំពូក២១ ។
លោកជា យុទ្ឋារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា៖ ការចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនាស្ពានបេតុង ១ខ្សែ ប្រវែង១០៨ម ទទឹង១០ម និងស្ថាបនាផ្លូវក្រាលបេតុងសងខាងក្បាលស្ពានប្រវែងសរុប ២០០ម ទទឹង១០ម កម្រាស់០,២ម ស្ថិតនៅភូមិព្រះពន្លា ទៅភូមិចក សង្កាត់ព្រះពន្លា ក្នុងក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ (DRR-NC-2023-No.046) អនុវត្តដោយ ក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ ដឹកជញ្ជូន និងសំណង់ ប្រើប្រាស់ថវិកាជំពូក២១ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រ មណ្ឌល ខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ។
ក្នុងការចុះពិនិត្យនោះឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈបានមានប្រសាសន៍បញ្ជាក់ថា៖ ថ្ងៃនេះគណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងក្រុមការងារបានចុះពិនិត្យផ្ទាល់នូវការដ្ឋាននេះ។ជាពិសេសនៅក្នុងអាណត្តិទី ៧នេះ ដែលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអ្នកបន្តវេនពីសម្ដេចតេជោ ហ៊ុន សែន សូមឱ្យបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាលោកយាយ លោកតា បងប្អូន កូនក្មួយ ទាំងអស់ត្រូវមានជំនឿលើសម្ដេច ក្នុងការអភិវឌ្ឍន៍ និងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាលគឺអនុវត្តន៍គោលការណ៍បញ្ចកោណ ការកសាងហេដ្ឋារចនាសម្ព័ន្ធ គឺអភិវឌ្ឍន៍ការងារជនបទ ពីផ្លូវដី ផ្លូវគ្រោះក្រហម ទៅជាផ្លូវបេតុង ផ្លូវកៅស៊ូ ជាបន្តបន្ទាប់ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសបានប្រើប្រាស់ នៅសមិទ្ធផលរបស់រាជរដ្ឋាភិបាល។
ទន្ទឹមជាមួយគ្នានោះឯកឧត្តមប៊ុន ច័ន្ទវណ្ណៈ បានធ្វើការសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅទាំង២ភូមិ ក៏ដូចជាអ្នកប្រើប្រាស់ស្ពាននេះ សូមជួយថែទាំស្ពាននេះឱ្យបានដិតដល់ដើម្បីធានាថាស្ពាននេះអាចប្រើប្រាស់បានយូរអង្វែង និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋយើងនៅមូលដ្ឋានផងដែរ៕

