អភិបាលខេត្តប៉ៃ​លិន ពិនិត្យមើលវឌ្ឍនភា​ព ការ​ស្ថាបនា «​សួនប៉ៃ​លិនម​រតកតេជោ»

(ប៉ៃលិន)នាព្រល​ប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ​២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អ​ភិបាល​ខេត្តប៉ៃលិន អមដំ​ណើរដោយមន្ត្រីជំ​នាញ និងក្រុម​ការងារ បានអញ្ជើញ​ពិនិត្យមើលវឌ្ឍន​ភាពការស្ថាបនា «សួន​ប៉ៃលិនមរតក​តេជោ» ​នៅអម​សងខា​ងដងស្ទឹងប៉ៃលិន ដើ​ម្បីបម្រើដល់​ផលប្រ​យោជន៍​សាធារ​ណៈក្នុង​ខេត្តជា​ពិសេសទាក់ទាញភ្ញៀវ​ទេសចរទាំងក្នុងខេត្ត និ​ងក្រៅខេត្ត មក​លេងកំសាន្ត ដែលជា​កត្តា​ជួយជំរុញកំ​ណើនសេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

អភិបា​លខេត្តប៉ៃលិន បានលើ​កឡើងថា រាជរដ្ឋាភិ​បាលកម្ពុជា ក្រោមកា​រដឹកនាំ របស់សម្តេច​មហា​បវរធិប​តី ហ៊ុន ម៉ា​ណែត ជា​នាយករដ្ឋមន្ត្រី គឺបានបន្តខិត​ខំប្រឹងប្រែងដោះ​ស្រាយនូវរាល់​ការលំ​បាក និង​សំណូម​ពរ របស់ប្រជាពលរដ្ឋ ព្រមទាំងបា​នខិតខំកសា​ងអភិវឌ្ឍប្រទេ​សជាតិឱ្យមាន​ការរី​កច​ម្រើន​លើគ្រប់វិ​ស័យ ជាពិសេស​ការកសាង ហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា ផ្លូវ ស្ពាន សាលា​រៀន មន្ទីរពេទ្យ ជាដើម ហើយបច្ចប្បន្ន រដ្ឋបាល​ខេត្តប៉ៃលិន បានខិតខំកែលម្អ ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈនា​នា រួមទាំងការដាំដើមឈើ ការដាំផ្កាលំអបន្ថែម និងការថែទាំ ព្រមទាំងការកែរ​លម្អហេ​ដ្ឋា​រចនា សម្ព័ន្ធ សួនច្បារ សួនពុះចែកទ្រូងផ្លូវឱ្យបានកាន់តែល្អឡើង ដើម្បីឆ្លើយត​បទៅ​នឹងតំរូវកា​ររបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន និងសុខភាព ក៍ដូចជាបន្ថែម​ក្រវាត់ពណ៌បៃត​ងក្នុងទីក្រុង ប្រកបដោ​យសោភ័ណភាពស្រស់បំព្រង ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសា​ន្តក្នុងខេត្តប៉ៃលិនយើង ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តា​មួយចូលរួមចំ​ណែកក្នុង​ការជំរុញកំណើនសេដ្ឋកិច្ច ជីវភាព របស់ ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។

លោកជំទាវបណ្ឌិត អភិបាលខេត្ត បានបញ្ជាក់ថា ការស្ថាបនាសួនច្បារដាក់ឈ្មោះ សួន «ប៉ៃលិនមរតក តេ​ជោ» គឺក្នុង​គោលបំណងបង្ហាញពីវប្បធម៌កត្តញ្ញូ សម្ដែងនូវការដឹងគុណ និងការ​ចងចាំរំឭកដ​ល់វីរភាព ស្នាដៃ ​និងភា​ពឈ្លាស វៃរ​បស់សម្តេចតេ​ជោ ហ៊ុន សែន និ​ងថ្នាក់ដឹកនាំដទៃទៀត ក្នុងកា​រស្វែងរកសុ​ខសន្តិភាព ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុសន្តិភាព ព្រមទាំ​ងបង្ហាញ​ពីព្រឹត្តិការណ៍ប្រវត្តិសា​ស្រ្តជាតិ និងបញ្ជាក់ពី​សច្ចភាពប្រវត្តិសាស្រ្តពិត សម្រាប់មនុស្ស ជំនាន់​ក្រោយ​បានស្វែង​យល់ប្រវត្តិ​សាស្ត្រ របស់​ខេត្តប៉ៃលិន ដែលជាចំណុចឈ្នួនផ្ទុះសន្តិភាព និងស​មត្ថភាព ចំណេះដឹង​ពិតប្រាក​ដ នៃមគ្គុទេ​សន៍អ្នកដឹកនាំកម្ពុជា។

នៅក្នុង​ឱកាសនោះផ​ងដែរ បណ្ឌិត បាន ស្រីមុំ បានសំ​ណូមពរដ​ល់បងប្អូនប្រជាពលរដ្ឋ ត្រូវរួមគ្នា ជួយ​ថែរក្សាទ្រព្យសម្បត្តិសាធារ​ណៈរបស់រដ្ឋ ជា​ពិសេសហេ​ដ្ឋារចនាសម្ព័ន្ធ ព្រោះថាការស្ថាបនា និងជួស​ជុលហេដ្ឋារចនាសម្ព័ន្ធ គឺត្រូវចំ​ណាយថវិ​កាយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយក្នុងនោះបងប្អូន ដែលរ​ស់នៅតាមដងស្ទឹងប៉ៃលិន សូមមេត្តាយោគយល់ និងអធ្យា ស្រ័យ ចំពោះផលប៉ះពាល់ ព្រម​ទាំង​ចូលរួមស​ហការជាមួយក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យសមិទ្ធផលថ្មី នេះ​សម្រេចបានទៅតាមការគ្រោងទុក និងឆាប់បា​នប្រើប្រាស់ជាប្រយោជន៍សាធារណៈទាំងអស់គ្នា។

សូមបញ្ជាក់ថា សួន «ប៉ៃលិនមរតកតេជោ» ដែលកំពុងស្ថាបនានាពេលនេះ គឺមានប្រវែង ១៨០​០​ម៉ែត្រ នៅអមសងខាងដងស្ទឹងប៉ៃ​លិន ចាបពីចំនុចស្ពា​នសន្តិភាព ភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសា​លាក្រៅ រហូតមកដល់ស្ពានអូរច្រា ស្ថិតក្នុងភូមិទួលល្វា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន៕

Leave a Reply

Your email address will not be published. Required fields are marked *