ការងារសាងសង់​ប្រព័ន្ធលូ​ និងស្ថានី​យប្រ​ព្រឹត្ត​កម្ម​ទឹកកខ្វក់ ក្នុងក្រុង​កំពង់ចាម សម្រេច​បានប្រមា​ណ​ ៨៣%ហើយ

(កំពង់ចាម)៖អភិបាលនៃគ​ណៈអភិបាលខេត្តកំពង់​ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១៩ ខែ​កុម្ភៈ ឆ្នាំ២០​២៦ នេះ បាន​ដឹកនាំមន្ទីរ​សាធារណ​ការ និង​ដឹកជញ្ជូន​ មន្រ្តីប​ច្ចេកទេស និង​អាជ្ញាធរមូ​លដ្ឋាន អញ្ជើញ​ចុះពិនិត្យវឌ្ឍនភា​ពការងារ​សាង​សង់ប្រព័ន្ធលូ និងស្ថានី​យប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុង​ក្រុងកំ​ពង់ចាម ដែលសម្រេចបា​នប្រមាណ៨៣% ក្រោមវត្តមាន​អញ្ជើញចូល​រួមពី​ឯកឧត្តម ខ្លូត ផន ប្រធា​នក្រុមប្រឹក្សាខេត្តកំ​ពង់ចាម។ នេះបើ​តាមការឲ្យដឹ​ងពីលោក ជុំ លីនដា ប្រធានវិស្វ​ករនៃក្រុម​ហ៊ុន ប៉ៃជីងអឺប៊េនខន់ស្ត្រាក់​សិនគ្រុបខូអិលធីឌី Beijing Urban Constructions Group .Co,.TD

ប្រធានវិស្វករក្រុមហ៊ុន បា​នបញ្ជាក់ជូន ​ឯកឧត្តមអភិបា​លខេត្ត ថា គម្រោងដែលបានអនុវត្តរួចរាល់ នឹងកំពុង​បន្ត រួមមានៈ

ការងារប្រព័ន្ធរំដោះទឹកភ្លៀងក្នុងក្រុង

ការងារស្ថានីយបូមរំដោះទឹកភ្លៀង ទឹកជំនន់ក្នុងក្រុង

ការងារសាងសង់ស្ថានីយបូម បឋមទី1 ទី2 និងស្ថានីយមេ

ការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់

ការងារដំឡើងបំ​ពង់ទុ​យោទឹកស្អុយទាំ​ងបីប្រភេទ

ការងារជួស​ជុលផ្លូវកៅស៊ូ AC

ឯក​ឧត្តម អ៊ុន ចាន់ដា អភិ​បាលខេត្តកំព​ង់ចាម, ឯកឧត្តម ប្រធា​នក្រុមប្រឹក្សា​ខេត្ត រួមនិង​មន្ត្រីជំនាញ មានការរំ​ពងទុកថា ​នៅពេលគម្រោងខាង​លើបានបញ្ចប់ជា​ស្ថាពរនោះ ក្រុងកំពង់ចាម នឹងមិន​មាន​កា​រលេ​ចលង់ ដោយសារកត្តាល​ទឹកភ្លៀងទៀតនោះទេ។ ក្រៅពី​នោះ ទឹកកខ្វក់ នៅក្នុងក្រុងកំ​ពង់​ចាម ទាំងមូល ក៏ត្រូវបានគ្រប់គ្រង ដោយមិនឲ្យហូរពា​សវាលពា​សកាលចូល​ទៅចូលក្នុងទ​ន្លេទៀត​ដែរ ពោលគឺ ត្រូវហូរចូល​ទៅក្នុងអាងប្រព្រឹត្តកម្ម ជាមុនសិន មុននឹងបង្ហូរទៅ​កាន់ប្រភពទឹក​ធម្មជា​តិ។

ក្នុងនាមរដ្ឋបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា សូមថ្លៃងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលមានកា​រយោគយល់ នូវផ​លប៉ះពាល់ខ្លះពីការអភិវឌ្ឍនេះ ហើយឯកឧត្តម សង្ឃឹមជឿជា​ក់ថា នៅប៉ុន្មាន​ខែខា​ងមុខនេះ ក្រុងរប​ស់យើងនឹងប្រែមុខ​មាត់ថ្មី ជាទីក្រុងស៊ី​វីល័យ ក្រុងវ័យឆ្លាត នាសម័​យតេជោធិបតី។

គួរបញ្ជាក់ថា គម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងកំពង់ចាម ជាគម្រោ​ងអភិវឌ្ឍន៍ក្រុងរបៀង មហាអនុតំបន់ទន្លេមគង្គជំហានទី៤ អនុវត្តដោយក្រសួងសាធារណការ និង​ដឹកជញ្ជូ​ន ក្រោមកម្ចី ក្រោមកម្ចីហិរញ្ញប្បទាន​សម្បទាន របស់ធនាគារអភិវឌ្ឍអាស៊ី ADB អនុវតត្ត​ដោយក្រុមហ៊ុន ប៉េកាំង អឺបឺន ខនស្ត្រាក់សិនគ្រុប ខូអិលធីឌី Beijing Urban Constructions Gro​up .Co,LTD ដែលមានទំហំទឹកប្រាក់ក្នុងកិច្ចសន្យាប្រមាណជាង ២២លានដុល្លារអាមេរិក ដោយ​ផ្អែកតា​មកិច្ចសន្យា គម្រោ​ងនេះ អនុវត្តការសាង​សង់ រយៈពេល ៣៦ខែ ឬបីឆ្នាំ ដោយចាប់អនុវ​ត្តពីខែធ្នូ ឆ្នាំ​២០២២ រហូតដល់បំណា​ច់ខែ ឧសភា ២០២៦៕

Leave a Reply

Your email address will not be published. Required fields are marked *