បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្ដម ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សាខេត្ត ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម វ៉ាន់ឡាល់វ៉ាន់ណា បាវីតឡុង (Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូត សាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំខេត្ត នៅសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦។
មានមតិស្វាគមន ឯកឧត្ដម អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ ក៏បានថ្លែងអំណរគុណទៅដល់រាជរដ្ឋាភិបាលឥណ្ឌា ដែលបានផ្តល់កិច្ចសហប្រតិបត្តិការ ពិសេសជួយដល់ជនពិការក្នុងការផ្តល់ដៃ–ជើងសិប្បនិម្មិត ជូនដល់ជូនពិការនៅក្នុងខេត្តបន្ទាយមានជ័យនាពេលកន្លងមក។ ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត ក៏បានជម្រាបឯកអគ្គរដ្ឋទូត សាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ពីបញ្ហាតាមបន្ទាត់ព្រំដែន ក្នុងអំឡុងពេលដែលប្រទេសថៃបានបើកការឈ្លានពានដែនអធិបតេយ្យភាពកម្ពុជាជាលើកទី២ វត្តអារាមមួយចំនួន ផ្ទះសម្បែងជាច្រើនខ្នងរបស់ប្រជាពលរដ្ឋ ត្រូវបានបំផ្លាញដោយកងទ័ពថៃ ព្រមទាំងបានបន្សល់ទុកនូវគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើន បាននិងកំពុងស្ថិតនៅរាយប៉ាយពាសពេញភូមិឋាន ទីអារាមសាសនា និងទីកន្លែងសាធារណៈនានាដែលបង្កជាហានិភ័យដល់ជីវិតមនុស្ស និងសត្វនៅឡើយ។ ហើយផ្ទះប្រជាពលរដ្ឋចំនួនជាង២ពាន់ខ្នងត្រូវបានបំផ្លាញ និងភូមិចំនួន៦ ត្រូវបានកងទ័ពថៃ ដាក់ទូកុងតឺន័រ និងរាយបន្លាលួសហ៊ុព័ទ្ធបន្តគ្រប់គ្រងទាំងកម្រោល ក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ទន្ទឹមនេះ ក៏មានប្រជាពលរដ្ឋចំនួន៣.០៧៦គ្រួសារ ស្មើនឹងមនុស្សរាយចំនួន១១.២៥០នាក់/ស្រី៥.៦៤៧នាក់ កុមារ៣.៤៣៤នាក់ និងព្រះសង្ឃចំនួន៤៤អង្គ កំពុងបន្តស្នាក់ក្នុងមណ្ឌលសុវត្ថិភាព ដែលអាជ្ញាធរបានរៀបចំ និងមួយចំនួនស្នាក់នៅផ្ទះសាច់ញាតិ រីឯព្រះសង្ឃបន្តគង់នៅវត្តផ្សេងពីវត្តរបស់ព្រះអង្គ ដែលមានសុវត្ថិភាព។
នាឱកាសនោះដែរឯកឧត្តម វ៉ាន់ឡាល់វ៉ាន់ណា បាវីតឡុង ក៏បានបង្ហាញអំពីទំនាក់ទំនងប្រទេសទាំងពីរ គឺបានកំពុងជំរុញការអភិវឌ្ឍ ហើយឯកឧត្តមក៏បានកត់សំគាល់ឃេីញថាប្រទេសកម្ពុជា ជាប្រទេសមួយមានការរីកចម្រើនខាងវិស័យសេដ្ឋកិច្ចដ៏ឆាប់ឆាប់រហ័សក្នុងរយៈពេលខ្លី។ ព្រមជាមួយគ្នានោះឯកឧត្តមក៏បានថ្លែងថាការកោតសរសើរចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញវិធានការក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ទូទាំងប្រទេសដោយបានអនុវត្តបានយ៉ាងល្អប្រសើរដែល។
ឯកអគ្គរដ្ឋទូត សាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏បានបញ្ជាក់ថា អ្វីដែលជាកិច្ចសហប្រតិបត្តិការរវាងស្ថានទូតឥណ្ឌា ក៏ដូចជាជាមួយរដ្ឋាភិបាលឥណ្ឌា ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្តបន្ទាយមានជ័យ ស្ថានទូតបានផ្តល់អាហាររូបករណ៍ពេញថ្លៃ ផ្តល់ជូនពី៤០ទៅ៥០កន្លែង សម្រាប់និស្សិតកម្ពុជា ទាំងថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។
ឯកឧត្ដម បន្តថា ទាក់ទងនិងនិស្សិតដែលកំពុងបន្តការសិក្សាសរុបជារួមកំពុងសិក្សាក្នុងសាកលវិទ្យាល័យ ទូទាំងប្រទេសឥណ្ឌាប្រមាណ៣០០លាននាក់។ ឯកឧត្ដម ក៏សង្ឃឹមថា និស្សិត ដែលទទួលបានអាហារូបករណ៍ ទៅបន្តការសិក្សានៅប្រទេសឥណ្ឌា និងបានចូលរួមចំណែកក្នុងការផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក រវាងនិស្សិតកម្ពុជា និងនិសិ្សតប្រទេសឥណ្ឌា ដែលកំពុងសិក្សា។ ចំពោះអាហារូបករណ៍ ទៅសិក្សា នឹងបើកនៅចុងខែកុម្ភៈ អ្វីដែលសំខាន់ក្នុងនាមស្ថានទូត នឹងខិតខំព្យាយាមផ្តល់ជូនអាហាររូបករណ៍ ផ្តល់ជូនកន្លែងមួយចំនួនសម្រាប់និស្សិតមកពីខេត្តបន្ទាយមានជ័យ ជាពិសេសនិស្សិតឆ្នើម ទៅបន្តការសិក្សានៅប្រទេសឥណ្ឌា។
ឯកឧត្ដម បន្ថែមថា កន្លងមកក្រោមកិច្ចសហប្រតិបត្តិស្ថានទូកឥណ្ឌា បានផ្តល់វគ្គបណ្តុះបណ្តាលរយៈពេលខ្លីទៅសិក្សានៅប្រទេសឥណ្ឌា ក្រោមកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឥណ្ឌា បានផ្តល់៣០០កន្លែងសម្រាប់មន្ត្រីរាជការ ទាំងស៊ីវិល នគរបាល ដែលកន្លងមកបានបញ្ចូនមន្ត្រីនគរបាលកម្ពុជាទៅសិក្សាវគ្គបណ្តុះបណ្តាល វគ្គប្រឆាំងបទល្មើសអនឡាញ និងមន្ត្រីរាជាការស្ថាប័នតុលា ទៅសិក្សាផ្នែកច្បាប់ ផងដែរ។ ក្នុងនាមស្ថានទូតបានផ្តល់ឱកាសដល់មន្ត្រីរាជការ រដ្ឋបាលខេត្តបន្ទាយមានជ័យ ទៅសិក្សារយៈពេលខ្លីមួយសប្តាហ៍ ទៅពីរសប្តាហ៍ផងដែរ៕

