ខេត្តបន្ទាយមានជ័យ៖ការយល់ដឹងនិងគោរពច្បាប់ចរាចរណ៍ផ្លូវគោក គឺជា កត្តាចម្បង ។លោក គី មករា ប្រធានការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញដឹកនាំផ្សព្វផ្សាយអប់រំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយមានការចូលរួម ពីមន្ត្រីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត និងក្រុមយុវជនកាកបាទក្រហមខេត្ត នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។
លោក គី មករា បានបញ្ជាក់ថា ការសហការចូលរួមរបស់មន្ត្រីនិងក្រុមយុវជនកាកបាទក្រហមនៅក្នុងឱកាសនេះគឺដើម្បីផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងឱកាសបុណ្យចូលឆ្នាំ ចិន វៀតណាម នាពេលខាងមុខ ហើយការចុះមកផ្សព្វផ្សាយនេះធ្វើឲ្យពួកគាត់ ជាអ្នកកំពុងធ្វើចរាចរណ៍តាមដងផ្លូវឲ្យយល់ដឹងនិងគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកដែលជាកត្តាចម្បង ប៉ុន្តែការបើកបរដោយប្រុងប្រយ័ត្ន អត់ធ្មត់ ចេះអធ្យាស្រ័យគ្នាក៏ជាកត្តាដ៏សំខាន់ផងដែរ។ ចូរចងចាំឲ្យបានច្បាស់ថា ការប្រមាថ ក្នុងការបើកបរ គឺជាការប្រមាថដល់អាយុជីវិតរបស់ខ្លួនឯងក៏ដូចជាអាយុជីវិតរបស់អ្នកដទៃ។
លោក គី មករា បានឲ្យដឹងទៀតថាគ្រោះថ្នាក់ចរាចរណ៍បាននិងកំពុងក្លាយទៅជាបញ្ហាដ៏ធំ ចំពោះសុខភាពសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ បើតាមរបាយការណ៍និងការស្រាវជ្រាវបានឲ្យដឹងថា មូលហេតុចម្បងដែលនាំឲ្យ មានគ្រោះថ្នាក់ចរាចរណ៍ គឺបណ្ដាលមកពីកត្តាមនុស្ស កត្តាយានយន្ត កត្តាផ្លូវ និងកំណើនយានយន្តច្រើន ហើយចំពោះគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន គឺបណ្ដាលមកពីកត្តាមនុស្សបើកបរហួសល្បឿនកំណត់ បើកបរក្នុងស្ថានភាពបាត់បង់ម្ចាស់ការ និងបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងឬគ្រឿងញៀនជាដើម។ ចំពោះការផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកមួយព្រឹកនេះ គេសង្កេតឃើញថាបងប្អូនដែលជាអ្នកកំពុងបើកបរម៉ូតូប្រមាណជាង ៤០% ពុំបានពាក់មួកសុវត្ថិភាពនោះទេ ហើយចំពោះអ្នកបើកបរយានយន្តវិញពួកគាត់មួយចំនួនក៏មិនដាក់ខ្សែក្រវ៉ាត់ផងដែរ។ ចុងក្រោយ លោក គី មករា បានធ្វើការផ្តាំផ្ញើដល់អ្នកបើកបរត្រូវចេះអត់អោនឬអនុគ្រោះការខុសឆ្គងបន្តិចបន្តួច របស់អ្នកបើកបរដូចគ្នាទោះបីការបើកបរស្ថិតនៅក្នុងសភាពត្រូវច្បាប់ក៏ដោយ ក៏យើងត្រូវមានការយោគយល់អធ្យាស្រ័យចំពោះអ្នកបើកបរដោយបំពានច្បាប់នោះដែរ ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាជាធ្លុងមួយ ទើបខ្មែរឈ្នះនិងខ្មែរខ្លាំង៕

