(បន្ទាយមានជ័យ) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តរបស់វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តមសាន គីមហុង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក យឹម សំណាង អភិបាលរង ខេត្ត តំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ។ពិធីនេះបានធ្វើឡើង នៅសាលប្រជុំមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីលោក នួន ស៊ីណា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត លោកស្រី សំរឹទ្ធ សូរ្យជាតិ នាយិកាវិទ្យាស្ថានពហុបច្ចេកទេសខេត្ត និងពីបេឡាជាតិសន្តិសុខសង្គម (ប ស ស ) វិទ្យាស្ថានពហុបច្ចេកទេស និងមជ្ឈមណ្ឌលការងារខេត្ត។
លោក នួន ស៊ីណា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ បានឡើងរាយការណ៍អោយដឹងថា៖កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងបង្ហាញ ឲ្យឃើញពីសមិទ្ធផលនានារបស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បេឡាជាតិសន្តិសុខសង្គម(ប ស ស)វិទ្យាស្ថានពហុបច្ចេកទេស មជ្ឈមណ្ឌលការងារសាខាខេត្តបន្ទាយមានជ័យ រួមគ្នាសម្រេចបានក្នុងនោះរួមមាន៖១,វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២,មជ្ឈមណ្ឌលការងារ(NEA) ៣,វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) ៤,វិស័យរបបសន្តិសុខសង្គម (ប ស ស)។
លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា៖ ក្រោយពីបញ្ចប់កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ២០២៤–២០២៨(ផ.យ.អ.ក.ស.ប) បានពិនិត្យ និងវាយតម្លៃឃើញថា មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មជ្ឈមណ្ឌលការងារ វិទ្យាស្ថានពហុបច្ចេកទេស បេឡាជាតិសន្តិសុខសង្គម( ប ស ស ) បានសម្រេចនូវ សមិទ្ធផលការងារគួរជាទីមោទនៈដូចជា៖ ការចុះបញ្ជិកាតាមសហគ្រាស គ្រឹះស្ថាន ការធ្វើហត្ថពលកម្មជនបរទេស ការស្នើសុំសៀវភៅការងារ និងប័ណ្ណការងារជនបរទេសការផ្សព្វផ្សាយច្បាប់ស្តីពីការងារ តាមសហគ្រាស–គ្រឹះស្ថានការផ្សព្វផ្សាយការធ្វើចំណាកស្រុក តម្រូវការកម្លាំងពលកម្មតាមវិស័យ ការទទួលព៌ត័មានឱកាសការងារ តាមរយៈសេវាសាធារណៈ និងតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ការផ្សព្វផ្សាយសិស្សឲ្យចូលរៀនវគ្គបណ្តុះបណ្តាល ១.៥M បានទូលំទូលាយ និងការអនុវត្តរបបសន្តិសុខសង្គម ប.ស.ស ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធនជូនសមាជិក ប.ស.ស បានល្អប្រសើរ។
ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម សាន គីមហុង និងលោក យឹម សំណាង បានធ្វើការកោតសរសើរដល់លោក លោកស្រី ប្រធានមន្ទីរ.អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងក្រុមការងារបេឡាជាតិសន្តិសុខសង្គម (ប ស ស ) វិទ្យាស្ថានពហុបច្ចេកទេស និងមជ្ឈមណ្ឌលការងារខេត្តបន្ទាយមានជ័យ ដែលបានខិតខំប្រឹងប្រែងបំពេញការងារដោយទទួលបានលទ្ធផលល្អគ្រប់សកម្មភាពការងារទាំងអស់និងបន្តសហការគ្នាខិតខំកិច្ចការងារនេះឲ្យកាន់តែមានប្រសិទ្ធភាព។
ទន្ទឹមនឹងការទទួលបានការងារធ្វើ ឯកឧត្តម បានបន្តលើកឡើងពីអត្ថប្រយោជន៍ដ៏លើសលប់ នៃការក្លាយជាសមាជិក ប.ស.ស. ដែលរួមមានការពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យដៃគូដោយឥតគិតថ្លៃ ការគាំពារ និងទទួលបានតាវកាលិកនៅពេលមានគ្រោះថ្នាក់ការងារ ព្រមទាំងសិទ្ធិទទួលបានប្រាក់សោធននិវត្តន៍សម្រាប់ធានាប្រាក់ចំណូលនៅពេលចាស់ជរាដូចមន្ត្រីរាជការផងដែរ។ បន្ថែមលើនេះ ក្រសួងក៏បានជំរុញឱ្យយុវជនចាប់យកឱកាសចុះឈ្មោះចូលរួមវគ្គបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ចំនួន ១.៥ លាននាក់ ដែលជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងគោលដៅពង្រឹងសេដ្ឋកិច្ចគ្រួសារ និងជាតិមាតុភូមិ៕

