ខេត្តបន្ទាយមានជ័យ៖ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត នឹងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំ លោក លោកស្រី ដែលជាអនុប្រធាន លេខាកត់ត្រា សមាជិក និងសមាជិកា កាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងសហការី អញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូកាកបាទក្រហមអន្តរជាតិនៃកាកបាទក្រហម (អាយ.ស៊ី.អរ.ស៊ី) ប្រចាំប្រទេសកម្ពុជា នារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅស្នាក់ការសាខាកាកបាទក្រហខេត្តបន្ទាយមានជ័យ។
លោកស្រី ឌ័សា ណាហ្សេមីសាល ដែលជាប្រធានបេសកកម្មគណៈកម្មការអន្តរជាតិនៃកាកបាទក្រហមអឌ្ឍចន្ទក្រហម បានអញ្ជើញជួបសំណេះសំណាលនិងប្រគល់សម្ភារៈអនាម័យបរិស្ថាន សម្រាប់ឆ្លើយតបតម្រូវការរបស់បងប្អូនជនភៀសសឹកខេត្តបន្ទាយមានជ័យ ជូនតាមរយៈសាខាកាកបាទក្រហមខេត្តដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត។
ក្នុងកិច្ចជុំ ពិភាក្សានេះ ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា ក្នុងឆ្នាំ ២០២៥កន្លងទៅថ្មីៗនេះ កម្ពុជាត្រូវបានរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយការឈ្លានពានរបស់ពួកទាហានសៀមមកលើទឹកដីកម្ពុជា ចំនួន ២លើក លើកទី១ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៥ លើកទី២ ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ ដោយពួកទាហានសៀមបានឈ្លានពានធ្វើការបាញ់ប្រហារមកលើកម្ពុជាបំផ្លិចបំផ្លាញប្រាសាទខ្មែរ ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ វត្តអារាមជាដើម។ ទង្វើដ៏ កម្រោលនេះ ធ្វើឲ្យបាត់បង់អាយុជីវិតប្រជាពលរដ្ឋស្លូតត្រង់ជាច្រើននាក់ ហើយពួកវាបានធ្វើការហ៊ុព័ទ្ធបន្លាលួស ដាក់ទូកុងតឺន័រ ធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋ ពុំបានចូលទៅរស់នៅលើទឹកដីនិងផ្ទះសម្បែងនោះឡើយ បច្ចុប្បន្ននេះ មានប្រជាពលរដ្ឋ ភៀសសឹក រស់នៅបណ្ដោះអាសន្នក្នុងទីសុវត្ថិភាពចំនួន ២៨០០គ្រួសារក្នុងនោះ ដោយមានការយកចិត្តទុកដាក់គិតគូរ ពីសុខទុក្ខរបស់បងប្អូនដែលជាជនភៀសសឹករាជរដ្ឋាភិបាលកម្ពុជានិង កាកបាទក្រហមកម្ពុជា មិនទុកឲ្យបងប្អូនខ្វះខាតស្បៀងនោះឡើយ។ ក្នុងនាមកាកបាទក្រហមអឌ្ឍចន្ទក្រហម លោកស្រី ឌ័សាណាហ្សែមីសាលមែន ក៏បានមានចិត្តអាណិតស្រណោះយ៉ាងក្រៃលែងចំពោះបងប្អូនជាជនភៀសសឹកទាំងអស់ដែលកំពុងរងទុក្ខឈឺចាប់ចំពោះការបាត់បង់ផ្ទះសម្បែងដីធ្លី នេះគឺជាទង្វើអមនុស្សធម៌តែពិភពលោកស្អប់ខ្ពើមនៃការឈ្លានពានប្រទេសមួយទៅកាន់ប្រទេសមួយទៀត។
គួរបញ្ជាក់ថា សម្ភារៈអំណោយមនុស្សធម៌របស់កាកបាទក្រហមអន្តរជាតិសម្រាប់ជនភៀសសឹក នាថ្ងៃនេះរួមមាន ក្ដាក្រាលចំនួន ២៤០០ឈុត សម្ភារៈកែលម្អប្រព័ន្ធបង្ហូរទឹកកខ្វក់ចំនួន ២ឈុត ឃីតអនាម័យចំនួន ២២៥០ឈុត សម្ភារៈប្រមូលកាកសំណល់រឹងចំនួន ២០ឈុត និងសម្ភារៈសម្អាតបង្គន់អនាម័យចំនួន ២០ឈុត ផងដែរ៕

