រដ្ឋបាលខេត្តកំ​ពង់ចាម ធ្វើតេស្តរក​សារ​ធាតុញៀន ​មន្ត្រីរាជ​ការ មន្ត្រី​ជាប់​កិច្ចសន្យា ឆ្នាំ​២០២៦

(កំពង់ចាម)៖ រដ្ឋបាល​ខេត្តកំព​ង់ចាម នៅព្រឹក​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ បាន​បើកការធ្វើតេស្ត រក​សា​រធាតុញៀនមន្ត្រីរាជ​ការស៊ីវិល ក្នុងខេត្តកំព​ង់ចាមលើកទី ២ ដោយពិធី​នេះធ្វើឡើង​នៅក្នុងប​រិវេ​ណសា​លាខេត្តកំពង់ចាម ក្រោមអធិ​បតីភាពឯកឧត្ដម ឯ​កឧត្តម អ៊ុន ចាន់ដា អភិបា​លនៃគ​ណៈ​អភិបា​លខេត្តកំ​ពង់ចាម និងជាប្រធា​នគណៈបញ្ជាការឯកភាពខេត្ត និង ឯកឧត្តម ខ្លូត ផន ប្រ​ធា​នក្រុមប្រឹក្សាខេត្ត ស្ថិតនៅសាលាខេត្តកំពង់ចាម។

ក្នុងឱកា​សនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល​ខេត្ត បានមានប្រសាសន៍ថា សារធាតុញៀនគឺ​បង្កនៅផ​ល​លំបាកប៉ះពាល់​ដល់បញ្ហាសន្តិ​សុខភាព ការបំផ្លាញទ្រព្យសម្បត្តិ ធ្វើឱ្យខូចដល់អ​នាគតយុវជនជា​ដើម។

ឯកឧត្តម​អភិបាលខេត្ត បា​នបញ្ជាក់ថា ការពិនិត្យរកសារធាតុញៀនមន្ត្រីរាជការពេលនេះ គឺក្នុងគោ​លបំណង ៣ ដូចខាងក្រោម ៖

*ទី១ ៖ បញ្ជាក់ថាមន្ត្រីរបស់យើងមានភាពស្អាតស្អំ មិនមានអ្នកប្រើប្រាស់សា​រធាតុញៀន​នៅក្នុងអង្គ​ភា​ព និងជាកន្លែងផ្ដល់​សេវាសាធារណៈ សេវារដ្ឋបាលល្អ ជាមជ្ឈម​ណ្ឌលមិន​មានការប្រើប្រាស់​សារធាតុញៀន។

*ទី២ ៖ ជាគំរូល្អដ​ល់ប្រជាពលរដ្ឋ ដល់​មហាជន ឱ្យរៀនសូត្រពីមន្ត្រីរបស់យើង ដើម្បីពួកគាត់បា​នដុះខាត់នូវស្មារតី របស់ពួកគាត់កុំឲ្យពាក់ព័ន្ធជាមួយសារធាតុញៀន និងជាការបញ្ជូន​សារទៅកូន​ចៅក្នុងបន្ទុក របស់ពួកគាត់កុំឱ្យពាក់ព័ន្ធ នូវសារធាតុញៀននោះ ។

*ទី៣ ៖ គឺបញ្ជាក់ពី​ការចូលរួមរបស់មន្ត្រីយើងជាមួយនឹងរាជរដ្ឋាភិបាល ដែលរាជរដ្ឋាភិ​បាលយើង​បាន​ខិតខំប្រឹងប្រែងគិតគូរ អំពីសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងជីវភាពសេដ្ឋកិច្ចសង្គម ធ្វើ​យ៉ាង​ណាឱ្យប្រជាពលរដ្ឋមានសុខសុភមង្គល ដោយបានដាក់ចេញនូវគោលការណ៍ ឲ្យសមត្ថកិច្ច និងអាជ្ញាធរ​មូលដ្ឋានរបស់យើង ខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការបង្ក្រាប ការផ្សព្វផ្សាយ ការអ​នុវត្តច្បាប់ ទៅលើបញ្ហា​ពាក់ព័ន្ធគ្រឿងញៀន​នេះ ។

ឯកឧត្តមអភិបា​លខេត្ត បានរំលឹ​កផងដែរថា លើកទី១ នៅក្នុងឆ្នាំ ២០២៥ រដ្ឋបាលខេត្ត បានរៀបចំ​យុទ្ធនាការនេះ​ ទៅលើមន្ត្រីរាជការរ​បស់យើង បានចំនួន ជាង ១៤,០០០ នាក់ ។ រីឯលើកទី២ ក្នុងឆ្នាំ ២០២៦ នេះ រដ្ឋបាលខេត្ត និងធ្វើការពិនិត្យរកសារធាតុញៀនលើមន្ត្រីរាជការស៊ីវិលឲ្យបានគ្រប់ៗគ្នា ទាំងថ្នាក់​ខេត្ត ថ្នាក់ ក្រុងស្រុក និងថ្នាក់ ឃុំសង្កាត់ ដូចឆ្នាំ ២០២៥ ផងដែរ ទៅតាមតំ​ណាក់កាល​នីមួយៗ៕

Leave a Reply

Your email address will not be published. Required fields are marked *