(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការស្តីទី មូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចាប់ឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់សរុប ៩នាក់ ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ ករណីបាត់ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២៦ ផ្លាកលេខ បន្ទាយមានជ័យ 1AE-1844 នៅចំណុចមណ្ឌល៦ ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ជនសង្ស័យដែលឃាត់ខ្លួនបានរួមមាន៖ ១.ឈ្មោះ ទុយ ទិត្យ ហៅឡូយ ភេទប្រុស អាយុ២១ឆ្នាំ, ២.ឈ្មោះ អ៊ី ថាត់ ហៅវីត ភេទប្រុស អាយុ២១ឆ្នាំ រួមទាំងដកហូតវត្ថុតាង ហើយនាំទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំតាមនីតិវិធី។ ក្រោយពីធ្វើការស្ដាប់ចម្លើយសារភាព កម្លាំងជំនាញក្រុងប៉ោយប៉ែត បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានបន្ដស្រាវជ្រាវរកបក្ខពួកដែលទទួលទិញ លក់ម៉ូតូ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចសង្កាត់ទឹកថ្លា និងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ហើយឃាត់ខ្លួនជាបក្ខពួកជនសង្ស័យជាបន្ដបន្ទាប់បានចំនួន០២នាក់បន្ថែមទៀត ១.ឈ្មោះ សុខ វិសាល ភេទប្រុស អាយុ ២១ឆ្នាំ(មុខសញ្ញាចាស់), ២.ឈ្មោះ យឿត សំណាង ភេទប្រុស អាយុ ២១ឆ្នាំ ដែលជាបក្ខពួកយ៉ាងសកម្មយកម៉ូតូលក់បន្ដអោយក្រុមជនសង្ស័យមួយក្រុមទៀតនៅខេត្តប៉ៃលិន។ ជាមួយគ្នានោះកម្លាំងជំនាញបានបន្ដវិធានការស្រាវជ្រាវ បន្ដឃាត់ខ្លួនជនសង្ស័យបក្ខពួកចំនួន០២នាក់ទៀត ឈ្មោះ ទឹម តុលា ភេទប្រុស អាយុ ២៥ឆ្នាំ និងឈ្មោះ កែវ ថាវី ហៅគួក ភេទប្រុស អាយុ២៥ឆ្នាំ នៅចំណុចផ្លូវមាត់ស្ទឹង ស្ថិតនៅភូមិនាងកេត ឃុំឬស្សីក្រោក ស្រុកមង្គលបូរី បន្ទាប់មកដោយមានការសហកាណ៍ពីជនសង្ស័យ ទើបកម្លាំងជំនាញសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី គង់ រិទ្ធា មន្ត្រីនគរបាលយុត្តិធម៌មូលដ្ឋានកងរាជអាវុធហត្ថក្រុង បានបន្ដស្រាវជ្រាវរកបក្ខពួកដែលទទួលទិញ–លក់ម៉ូតូ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចភូមិថ្នល់កែង ឃុំអូរអណ្ដូង និងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានឃាត់ខ្លួនអ្នកដែលទទួលទិញម៉ូតូពីឈ្មោះ កែវ ថាវី ជាបន្ដបន្ទាប់ បានសរុបចំនួន ០៣នាក់ទៀត ១.ឈ្មោះ ចម ចិន ភេទប្រុស អាយុ ២៧ឆ្នាំ ,២.ឈ្មោះ ជុន ពិសី ភេទប្រុស អាយុ២៩ឆ្នាំ និង៣.ឈ្មោះ ហេង ម៉ៅ ភេទប្រុស អាយុ៣៣ឆ្នាំ រួមទាំងវត្ថុតាង ហើយនាំមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីធ្វើការសួរនាំ និងចំណាត់ការតាមនីតិវិធី។ ចំណែកវត្ថុតាងចាប់យករួមមាន៖ ១.ម៉ូតូមាំកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២៦ ផ្លាកលេខ បន្ទាយមានជ័យ 1AE-1844 ចំនួន០១គ្រឿង(ប្រគល់ជូនជនរងគ្រោះវិញ)។ ដោយឡែកម៉ូតូ៤គ្រឿងទៀត និងផ្លាកលេខម៉ូតូ ភ្នំពេញ 1JN 6647 ចំនួន០១សន្លឹក ត្រូវបានរក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃសៅរ៍ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

