ខេត្តឧត្តរមានជ័យ៖កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ នៅច្រកអន្តរជាតិជាំ–សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃ ដោយក្រុមលេខាធិការរបស់កម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង យោធភូមិភាគទី៤ និងក្រុមលេខាធិការរបស់ថៃដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាក វ៉ាផាន់ស៊ុ នាយសេនាធិការ កងទ័ពភូមិភាគទី២ មិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ ដូច្នេះភាគីទាំងពីរបានឯកភាពគ្នាដកឃ្លាវិលត្រលប់ទៅទីបញ្ជាការរៀងខ្លួនវិញ ហើយបន្តផ្លាស់ប្តូរឯកសារ និងពិភាក្សាគ្នាឈានដល់ការឯកភាពគ្នានាពេលខាងមុខទើបមានការរៀបចំពិធីចុះហត្ថលេខា និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា–ថៃ (RBC) រវាងយោធភូមិភាគទី៤ របស់កម្ពុជា និងកងទ័ពភូមិភាគទី២ របស់ថៃ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ។
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា–ថៃ (RBC) នេះធ្វើឡើងផ្អែកតាមស្មារតីនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានបញ្ជាក់សាជាថ្មី អំពីការបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ខ្ជាប់ខ្ជួននូវលទ្ធផលនៃកិច្ចប្រជុំពិសេសនេះឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ក៏ដូចជាការបន្តកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងតាមបណ្តោយព្រំដែន ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ និងឈានដល់ការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានឆាប់រហ័សផងដែរ៕

