បន្ទាយមានជ័យ៖ព្រះមន្ត្រីសង្ឃ ព្រះចៅអធិការវត្តចំនួន ៣ ស្រុក ក្រុង រួមមានក្រុងប៉ោយប៉ែត ស្រុកស្វាយចេក និងស្រុកថ្មពួក ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបាននិមន្តចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពីសង្គ្រោះបឋមផ្លូវចិត្តរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែសីហាឆ្នាំ២០២៦ ដែលជាវគ្គទី១ ធ្វើឡើងនៅសាលាពុទ្ធិកវិទ្យាល័យសម្ដេចជាស៊ីម នៅវត្តចមសុធាវាស់ ហៅវត្តស្វាចាស់ ស្ថិតក្នុងក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។ ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សេង សុមុនីរដ្ឋ លេខាធិការប្រចាំការនៃក្រសួងធម្មការនិងសាសនានិងមានការចូលរួមពីព្រះមេគណខេត្ត ទាំងពីរគណៈនិងលោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលសង្គ្រោះបឋមផ្លូវចិត្តប្រគេនដល់ព្រះសង្ឃនាថ្ងៃនេះគឺមានការឧបត្ថម្ភដោយអង្គការយូនិសេសនិងអង្គការ ធីភីអូ។
ឯកឧត្តមបណ្ឌិតសេងសុមុនីបានមានប្រសាសន៍ថ្លែងអំណអរគុណយ៉ាងក្រៃលែងចំពោះអង្គការយូនិសេសនិងអង្គការ tpo ដែលបានបន្តគាំទ្រថវិកាក្នុងកិច្ចការកសាងសមត្ថភាពប្រកេនដល់ព្រះតេជគុណតាមរយៈការបណ្ដុះបណ្ដាលស្ដីពីសង្គ្រោះបឋមផ្លូវចិត្ត។
ឯកឧត្តមបន្តថា ក្នុងអំឡុងគ្រាអាសន្នទាក់ទងនឹងជម្លោះព្រំដែនបានបង្កនៅហានិភ័យដែលនាំឲ្យមានអំពើហិង្សាការគេងប្រវែងប្រវញ្ច័និងការរំលោភបំពានកំពុងកើតឡើងលើស្ត្រីនិងកុមារដែលរស់នៅក្នុងស្ថានភាពជម្លោះ ហើយវាមានប៉ះពាល់បន្ថែមទៀតទៅលើសុខមាលភាពផ្លូវកាយនិងផ្លូវចិត្តរួមនិងសេវាគាំទ្រនិងកិច្ចការនៅសហគមន៍និងធនធានទ្រព្យសម្បត្តិ ប្រាសាទបុរាណ ការចាកចេញពីលំនៅដ្ឋានការខកខានទទួលរបស់កុមារក្នុងសេវាអប់រំការរំខានដល់សេដ្ឋកិច្ចជីវភាពរស់នៅ រួមនិងហេដ្ឋារចនាសម្ព័ន្ធទាំងអស់ខាងលើនេះគឺដោយសារពួកចោរសៀមឈ្លានពានលើដែនអធិបតេយ្យភាពរបស់កម្ពុជា។
ឯកឧត្តមបានបន្តថា ក្នុងស្ថានភាពមានវិបត្តិកិច្ចការមនុស្សធម៌ដែលបំពេញបេសកកម្មដោយអង្គការសង្គមស៊ីវិលនិងអង្គការអន្តរជាតិបានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការដោះស្រាយស្ថានភាពនៃវិបត្តិនេះ។ចំពោះវគ្គបណ្ដុះបណ្ដាលសម្រាប់រយៈពេលបីថ្ងៃនេះមាន៣ មេរៀនសំខាន់ៗនិងមានគោលបំណងធំៗចំនួន២ រួមមានទី១ ប្រគេនថ្វាយព្រះតេជគុណនៅចំណេះដឹងជំនាញស្ដីពីសង្គ្រោះបឋមផ្លូវចិត្តដើម្បីផ្ដល់ការគាំទ្រផ្លូវចិត្តទាន់ពេលវេលាដល់កុមារគ្រួសារនិងសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែន ទី២ ដើម្បីពង្រឹងសាមគ្គីភាពសហគមន៍ដែលចាំបាច់សម្រាប់ការស្ដារឡើងវិញនិងការសម្របសម្រួលខ្លួន៕

