បន្ទាយមានជ័យ ៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ និងរដ្ឋបាលស្រុកមង្គលបូរី បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ០២ភូមិ ស្មើនឹង២២៣២បណ្ណ ក្នុងនោះមានភូមិសាយសាម៉ន ឃុំចំណោម និងភូមិអូរជួបថ្មី ឃុំសឿ ស្រុកមង្គលបូរី ស្ថិតនៅវត្តចំណោម ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។ពិធីនេះបានប្រារព្ធធ្វើឡើង នៅបរិវេណវត្តចំណោម ឃុំចំណោម ស្រុកមង្គលបូរី នារសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦។
លោក មាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានឱ្យដឹងថា ក្បាលដីស្ថិតក្នុង០២ភូមិ នៃឃុំចំណោម និងឃុំសឿ សរុបចំនួន ២ ៤៦៦ ក្បាលដី ប៉ុន្តែក្បាលដី ដែលអាចចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬបណ្ណកម្មសិទ្ធិបានសរុបចំនួន ២ ២៣២ បណ្ណ (៩១%) ដោយក្នុងនោះ ០៩% ចំនួន ២៣៤ ក្បាលដី មិនអាចចេញបណ្ណកម្មសិទ្ធិបាន ដោយមូលហេតុម្ចាស់មិនបានមកបំពេញឯកសារវិនិច្ឆ័យ ចំនួន ១០០ ក្បាលដី ក្បាលដីទំនាស់ ចំនួន ១៣៤ ក្បាលដី។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធិដីធ្លី ដែលមានដីជាប់ព្រំគ្នាមានទំនាស់ សូមចូលរួមសម្របសម្រួលក្នុងការដោះស្រាយទំនាស់ និងយោគយល់គ្នា ដើម្បីឈានទៅដល់ការចេញប័ណ្ណជូនបងប្អូនយកទៅប្រើប្រាស់ ។ ប្រសិនបើទំនាស់នោះ មិនត្រូវបានដោះស្រាយបញ្ចប់នោះទេ មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ក៏មិ នអាចធ្វើការចេញប័ណ្ណជូនបងប្អូនប្រជាពលរដ្ឋនោះទេ។
សូមបញ្ជាក់ថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ មានរយៈពេល ០៧ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៦ ផុតរយៈពេលកំណត់មន្រ្តីជំនាញមន្ទីរ នឹងបន្តចែកបណ្ណជូនបងប្អូនប្រជាពលរដ្ឋ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ រៀងរាល់ម៉ោងធ្វើការ ដោយមិនកំណត់រយៈពេល៕

