(បន្ទាយមានជ័យ) លោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី អនុប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីក្នុង «កម្មវិធីដាំដើមឈើ» ដើម្បីអបអរសាទរបុណ្យរុក្ខទិវា ៩ កក្កដា ។ពិធីនេះបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅសហគមន៍ព្រៃឈើជ្រាប់ថ្មី ស្ថិតក្នុងភូមិជ្រាប់ថ្មី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ នួម សុភ័ណ អ្នកតំណាងរាស្ត្រ មណ្ឌល ខេត្តបន្ទាយមានជ័យ លោកស្រី មុំ ពុទ្ធីតា អភិបាលរង ខេត្ត រួមនឹងក្រុមការងារសមាគមនារី ព្រមទាំងអាជ្ញាធរដែនដីផងដែរ។
លោកស្រី អន ស៊ីថា ប្រធានស្ដីទីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានមានមតិលើកឡើងថា៖ ពិធីដាំដើមឈើនេះរៀបចំឡើងក្នុងគោលបំណងបណ្តុះស្មារតីសាមគ្គីភាព និងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិរក្សបរិស្ថាន ធនធានធម្មជាតិ ព្រមទាំងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ឱ្យបានកាន់តែច្បាស់អំពីសារៈប្រយោជន៍ដ៏មហាសាលនៃព្រៃឈើ និងធម្មជាតិ។
ក្នុងឱកាសនោះ លោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី បានគូសបញ្ជាក់ថា៖ ការប្រពន្ធ័ដាំដើមឈើនៅថ្ងៃនេះ មិនត្រឹមតែជាការអបអរសាទរបុណ្យរុក្ខទិវា ៩ កក្កដា ប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញអំពីកម្លាំងសាមគ្គីភាព និងការទទួលខុសត្រូវរួមគ្នាក្នុងការថែរក្សាការពារបរិស្ថាន។ ដើមឈើដែលយើងបានដាំនៅថ្ងៃនេះ នឹងក្លាយជាសម្បត្តិធម្មជាតិដ៏មានតម្លៃ និងជាគម្របបៃតងសម្រាប់បន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ។
លោកជំទាវ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសអាជ្ញាធរមូលដ្ឋាន និងបងប្អូនក្នុងសហគមន៍ព្រៃឈើជ្រាប់ថ្មី សូមបន្តចូលរួមថែរក្សា ការពារ និងដាំដើមឈើបន្ថែមទៀត ដើម្បីរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងរក្សាលំនឹងបរិស្ថាននៅក្នុងតំបន់យើងឱ្យបានគង់វង្ស។
ទន្ទឹមនឹងនេះលោកជំទាវ ជ័យ ណារី ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងបានលើកឡើងថា រដ្ឋបាលខេត្តតែងតែយកចិត្តទុកដាក់ខ្ពស់លើការងារអភិរក្សធនធានធម្មជាតិ ដោយជំរុញឱ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់សមាសភាពសង្គម ពិសេសស្ត្រី និងសហគមន៍មូលដ្ឋានក្នុងការកសាងបរិស្ថានបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងបរិយាកាសស្និទ្ធស្នាល និងមហោឡារិក ថ្នាក់ដឹកនាំ រដ្ឋបាលខេត្ត សាខាសមាគមនារី និងប្រជាពលរដ្ឋសហគមន៍ បានរួមគ្នាតាំងចិត្ត និងដាំកូនឈើចម្រុះប្រកបដោយស្នាមញញឹម និងស្មារតីទទួលខុសត្រូវខ្ពស់៕

