ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងក្រុមការងារ អញ្ជើញចុះពិនិត្យមើល ការស្តារប្រឡាយសម្រួលផ្លូវទឹក និងការដាក់ម៉ាស៊ីនបូមទឹក ដើម្បីជួយអន្តរាគមន៍សង្គ្រោះស្រូវក្នុងរដូវវស្សារបស់ប្រជាពលរដ្ឋ ចំនួន ៥៣០ហិចតា ស្ថិតនៅឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ជំរុញដល់មន្ត្រី ជំនាញពាក់ព័ន្ធ ជាពិសេសមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ ចុះសិក្សាស្វែងយល់ឱ្យដល់មូលដ្ឋាន ដោយពិនិត្យមើលស្ថានភាព លទ្ធភាពជាក់ស្ដែងនូវរាល់ប្រភពទឹក ដើម្បីធ្វើយ៉ាងណាជួយអន្តរាគមន៍ បូម ឬបញ្ជូនទឹកបញ្ចូលស្រែ ជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋ ដែលកំពុងប្រឈម ដោយសារខ្វះទឹក គឺមិនត្រូវទុកឱ្យមានការខូចខាត ដោយយើងមិនបានជួយពួកគាត់ឱ្យអស់លទ្ធភាពដែលមាននោះឡើយ ។
លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ចំពោះបញ្ហាប្រឈម សំណូមពរ និងការលំបាក របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន គឺសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែមានការគិតគូរយកចិត្តទុកដាក់ខ្ពស់គ្រប់កាលៈទេសៈ និងដោះស្រាយ បានទាន់ពេលវេលា បើទោះបីស្ថិតក្នុងស្ថានភាពណាក៏ដោយ ជាពិសេសសម្ដេចតេជោ ប្រធានព្រឹទ្ធសភា តែងតែបានណែនាំ និងជំរុញដល់ ស្ថាប័នជំនាញ និងអាជ្ញាធរ ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវតែយកចិត្តទុកដាក់ឲ្យបានជាប្រចាំ ដើម្បីចុះជួយអន្តរាគមន៍ដោះស្រាយ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍សំនូមពរដល់បងប្អូនប្រជាកសិករ ត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យការងារជួយអន្តរាគមន៍សង្គ្រោះស្រូវ តាមរយៈការស្តារប្រឡាយសម្រួលផ្លូវទឹក ការបូម ឬបញ្ជូនទឹកបញ្ចូលស្រែ បានដោយរលូន ទាន់ពេលវេលា ប្រកបដោយសមធម៌ និងតម្លាភាព ដែលជាការរួមចំណែកលើកស្ទួយជីវភាពរបស់ពលរដ្ឋតាមរយៈវិស័យកសិកម្ម។
បើតាមការបញ្ជាក់របស់លោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានធ្វើអោយដឹងថា៖ នៅឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋខេត្តប៉ៃលិន បានធ្វើស្រូវក្នុងរដូវវស្សា សរុបចំនួន ៨៥៨៥ហិចតា ហើយក្រោមការចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត គឺមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានចុះអន្តរាគមន៍ស្តារប្រឡាយសម្រួលផ្លូវទឹក និងដាក់ម៉ាស៊ីនបូមទឹកសង្គ្រោះស្រូវក្នុងរដូវវស្សារបស់ប្រជាពលរដ្ឋ ចំនួន ៥៣០ហិកតា ស្ថិតក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន៕

