(បន្ទាយមានជ័យ)៖ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឡយ ឆិនឡុង ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅបន្ទប់ជួលស្ថិតភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្តីពីករណី៖លួច (កង់) ដែលប្រព្រឹត្តកាលពីវេលាម៉ោង១៧និង៤៧នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។
ក្រោយពីទទួលបានបណ្តឹងរបស់ជនរងគ្រោះខាងលើ លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានដឹកនាំកម្លាំងជំនាញ ចុះដល់ទីតាំងកើតហេតុខាងលើ ធ្វើការស្រាវជ្រាវនិងពិនិត្យតាមកាមេរ៉ាសុវត្ថិភាព រហូតកំណត់មុខសញ្ញាជនសង្ស័យដែលប្រព្រឹត្តបទល្មើសបាន រហូតដល់វេលាម៉ោង២១និង៣០នាទី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់ ឈ្មោះ លី ហេងហុង ហៅក្រៅ កណ្តុល ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ នៅចំណុចការ៉ាសាំងសូគីមិច ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ព្រមទាំងធ្វើការចាប់យកវត្ថុតាង ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី ព្រមទាំងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន(+)។
លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចកង់របស់ជនរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាពនិងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកវត្ថុតាងត្រូវបានកម្លាំងជំនាញប្រគល់ជូនជនរងគ្រោះវិញហើយដែរ៕

