(បន្ទាយមានជ័យ)៖ នៅវេលាម៉ោង១៤និង០០នាទី ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ អតីតយោធិន នៃកងរាជអាវុធហត្ថ សោធននិវត្តន៍ ពិការ និងគ្រួសារពលីមរណៈ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ នៃទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣– ១៤ កក្កដា ២០២៦)។ ពិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំ ធំ អគារសេនាធិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធានមន្ទីរទាំង០៧ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង –ស្រុក ទាំង០៩ផងដែរ។
ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់អតីតយោធិន នៃកងរាជអាវុធហត្ថ សោធននិវត្តន៍ ពិការ និងគ្រួសារពលីមរណៈ ដោយក្ដីនឹករលឹក។ និងបានរំលឹកដឹងគុណគោរពវិញ្ញាណក្ខន្ធវីរៈកងទ័ព វរៈនគរបាល និងវីរៈអាវុធហត្ថ ដែលបានពលីក្នុងសមរភូមិនៃការប៉ះទង្គិចគ្នានាពេលកន្លងទៅផងដែរ។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការក៏បានបញ្ជាក់ថា អតីតយោធិន សោធននិវត្តន៍ ទទួលបានការយកចិត្តទុក្ខដាក់ពីប្រមុខថ្នាក់ដឹកនាំ ទទួលបានប្រាក់សោធន៍ប្រចាំខែ និងប្រាក់ឧបត្ថម្ភផ្សេងៗពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏ដូចជាសមាគមអតីតយុទ្ធជន និងវត្តន៍ជនកម្ពុជា។ លោកបន្តថា អតីតយោធិន សោធននិវត្តន៍ គឺជាស្ថាបនិក និងជាប្រតិបត្តិករដ៏សំខាន់នៃ «នយោបាយឈ្នះ–ឈ្នះ» ដែលបានបន្សល់ទុកនូវស្នាដៃធំៗសម្រាប់ប្រទេសជាតិ ការពារទឹកដី បានលះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងការរំដោះប្រទេសជាតិ និងការពារបូរណភាពទឹកដី ដែលនាំមកនូវសន្តិភាពពេញលេញ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃ និងបង្កើតបាននូវសន្តិភាព និងការឯកភាពជាតិ។ និងបានចូលរួមកសាង អភិវឌ្ឍន៍ បន្ទាប់ពីបញ្ចប់សង្គ្រាម អតីតយុទ្ធជនបានផ្លាស់ប្តូរដៃកាន់អាវុធចូលរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
សូមបញ្ជាក់ថា អតីតយោធិន នៃកងរាជអាវុធហត្ថ សោធននិវត្តន៍ ពិការ និងគ្រួសារពលីមរណៈសរុបចំនួន៨៩នាក់ ក្នុងនោះយោធិនចូលសោធននិវត្តន៍ ចំនួន៥៣នាក់, យោធិនពិការ ចំនួន១៤នាក់, គ្រួសារយោធិនពលី មរណៈ ចំនួន ២២នាក់។ ដោយក្នុងម្នាក់ៗទទួលបាន ៖ អង្ករ ០២ការ៉ុង ( ៥០ គីឡូក្រាម ), មី ០២កេស, ទឹកសុទ្ធ ០៤កេស, ទឹកក្រូចកម្ពុជាកូឡា ០៤កេស រួមនឹងថវិកា ២០ម៉ឺនរៀលផងដែរ៕

