ខេត្តកំពត៖ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) និងប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លី នៅក្នុងស្រុកបន្ទាយមាស ដែលពិធីនេះបានប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តព្រៃត្រសក់ ស្ថិតក្នុងភូមិគោកវែង ឃុំត្នោតចុងស្រង់ ។
នាឱកាសនោះឯកឧត្តម ម៉ៅ ធនិន បានរំឮកថា ក្រោយបញ្ចប់សង្គ្រាមផ្ទៃក្នុងដ៏រ៉ាំរ៉ៃ (របបប្រល័យពូជសាសន៍) រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ កម្ពុជាត្រូវបានស្តារឡើងវិញពីគំនរផេះផង់ ដោយវិស័យនានាត្រូវបានចាប់ផ្តើមរៀបចំឡើងវិញជាបន្តបន្ទាប់។ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី សម្តេចបានលះបង់គ្រប់បែបយ៉ាងដើម្បីឱ្យប្រទេសជាតិ និងប្រជាជនទទួលបានសន្តិភាពពេញលេញ។ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្រោយពីមានសុខសន្តិភាព ប្រទេសកម្ពុជាមានការរីកចម្រើន និងអភិវឌ្ឍន៍លើគ្រប់វិស័យ ពិសេសវិស័យដីធ្លី ដែលតម្រូវឱ្យមានគោលនយោបាយមួយដ៏ច្បាស់លាស់ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានដីធ្លីជាកម្មសិទ្ធិពិតប្រាកដ និងអាចទាញយកផលប្រយោជន៍ពីវិស័យដីធ្លីនេះដើម្បីពង្រឹងសេដ្ឋកិច្ចគ្រួសារ។
ការពន្លឿនចេញបណ្ណកម្មសិទ្ធិក្នុងអាណត្តិទី៧ឯកឧត្តមអភិបាលខេត្តបានបន្តថា នៅក្នុងអាណត្តិទី៧នេះ ក្រោមកិច្ចចង្អុលការយ៉ាងម៉ឺងម៉ាត់បំផុតពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដែលមាន ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដែនដី បានបញ្ជាត្រង់ចុះមកមន្ទីរជំនាញ ព្រមទាំងអាជ្ញាធរខេត្ត–ស្រុក ឱ្យខិតខំធ្វើយ៉ាងណាពន្លឿនការចេញបណ្ណកម្មសិទ្ធិដីធ្លីឱ្យបានលឿនបំផុតជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។
«ក្នុងអាណត្តិទី៧នេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលបានកំណត់យកគោលនយោបាយដីធ្លី ជាគោលនយោបាយអាទិភាពមួយដែលត្រូវយកចិត្តទុកដាក់បំផុត ក្នុងន័យបំពេញតម្រូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ»៕

