បន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃព្រហស្បត៍ ១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជានាយកគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការចាប់ផ្តើមអនុវត្ត «គម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក» ស្ថិតក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ក្រោមហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ដោយមានវត្តមាន ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។
ឯកឧត្ដមរដ្ឋលេខាធិការ បានមានប្រសាសន៍បញ្ជាក់ថា គោលបំណងនៃកិច្ចប្រជុំមានចំនួនពីរ រួមមាន៖ ទី១) ការចុះស្វែងយល់ពីស្ថានភាពជាក់ស្តែង តាមរយៈការវាយតម្លៃលើការគ្រប់គ្រងគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO) នៅក្នុងតំបន់គម្រោង និងទី២) ការប្រឹក្សាយោបល់លើវិធានការផ្សេងៗ ដើម្បីរៀបចំផែនការគ្រប់គ្រងសន្តិសុខ និងសុវត្ថិភាពឱ្យបានហ្មត់ចត់ក្នុងកំឡុងពេលអនុវត្តគម្រោង សំដៅធានាឱ្យដំណើរការការងារជារួមអាចប្រព្រឹត្តទៅបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
សូមជម្រាបថា គម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក មានរយៈពេល ៦ឆ្នាំ (២០២៦–២០៣១) ផ្តោតលើសមាសភាគ៖ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងអភិបាលកិច្ចធនធានទឹក។ គម្រោងនេះនឹងស្តារអាងទឹក ១០កន្លែង ប្រឡាយ ៤៥គីឡូម៉ែត្រ ប្រព័ន្ធស្រោចស្រព ៦ប្រព័ន្ធ លើផ្ទៃដី ១២០០០ហិកតា និងសំណង់កាត់ស្ទឹងមួយចំនួន តាមអភិក្រម IWRM និងដំណោះស្រាយផ្អែកលើធម្មជាតិ ដើម្បីដោះស្រាយគ្រោះទឹកជំនន់ រាំងស្ងួត និងបង្កើនទិន្នផលកសិកម្ម។ ជាជំហានបន្ត ក្រុមការងារនឹងចុះធ្វើឋានលេខា និងប្រមូលទិន្នន័យលើអាងទឹកទាំង ១០ និងប្រព័ន្ធស្រោចស្រពអាទិភាព ៣ ក្នុងស្រុកស្វាយចេក ថ្មពួក និងក្រុងសិរីសោភ័ណ នាខែកក្កដា ឆ្នាំ២០២៦ ខាងមុខ។
នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម អ៊ុំ រាត្រី បានសម្តែងការស្វាគមន៍ និងសន្យាសហការយ៉ាងជិតស្និទ្ធ។ ឯកឧត្តមបានបញ្ជាក់ថា ផ្អែកលើប្រវត្តិសាស្ត្រនៃការប្រយុទ្ធគ្នា ២១ថ្ងៃកន្លងមក ទីតាំងអាងទឹកទាំង ១០ និងប្រព័ន្ធស្រោចស្រពទាំង ៣ មានស្ថានភាពសុវត្ថិភាពល្អប្រសើរ។ ទោះជាយ៉ាងណា ដើម្បីភាពច្បាស់លាស់ ឯកឧត្តមអភិបាលបានស្នើឱ្យប្រធានកងឯកភាពកំចាត់មីនទី១ខេត្ត និងអាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់សិក្សាតាមដានបន្ថែម និងធ្វើរបាយការណ៍ឱ្យបានច្បាស់លាស់ត្រឹមត្រូវ ជូនមកក្រសួងធនធានទឹក តាមរយៈមន្ទីរជំនាញខេត្ត។
ជាទីបញ្ចប់ ឯកឧត្តម ចាន់ យុត្ថា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមអភិបាលខេត្ត មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងបានជំរុញឱ្យគ្រប់ភាគីបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រុមទីប្រឹក្សាបច្ចេកទេសជាតិ–អន្តរជាតិ ដើម្បីធានាឱ្យការសិក្សាគម្រោងនេះប្រព្រឹត្តទៅដោយរលូន ឈានទៅសម្រេចបានជោគជ័យ និងអាចបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗនាឆ្នាំខាងមុខ៕

