បន្ទាយមានជ័យ ៖ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណៈសង្គ្រោះ នៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជូនដល់ថ្ឋាក់ដឹកនាំសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត ស្រុក–ក្រុង និងសាខាឃុំ–សង្កាត់ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ឃ្នួច អគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការនៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ។ពិធីនេះបានប្រារព្ធ ធ្វើឡើងនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២៦។
បើតាមរបាយការណ៍សង្ខេបរបស់ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃ គណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត បានបញ្ជាក់ថា សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ ត្រូវបានប្រកាសជាផ្លូវការនាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ កិត្តិសង្គហបណ្ឌិតគន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ អ.ន.ក។ បន្ទាប់មកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាក្រុង–ស្រុក ក៏ត្រូវបានប្រកាសជាផ្លូវការនាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។
ឯកឧត្ដម បន្តថា អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន កំពុងគ្រប់គ្រងបច្ចុប្បន្ន សរុបចំនួន ៦.៧៥៧ នាក់ អ្នកនៅក្នុងបន្ទុកចំនួន ៨.៥៧៤ នាក់ ក្នុងនោះ ៖ គ្រួសារជនពលី ចំនួន ១.២៧០ នាក់, គ្រួសារជនមរណ:ចំនួន ៦៧០នាក់, និវត្តជនចំនួន២.៦៧២នាក់, ជនបាត់បង់ចំនួន៣៨ នាក់, ជនពិការចំនួន២.១០៧នាក់។ បានចូលជាសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជន មានចំនួន ៥.៥៥២ នាក់ ក្នុងនោះ ៖ គ្រួសារជនពលីចំនួន ៧០៤គ្រួសារ, គ្រួសារជនមរណៈចំនួន ១៣៣គ្រួសារ, និវត្តជន ចំនួន ២.៥៩៩នាក់, ជនបាត់បង់សមត្ថភាព ចំនួន ៣៨នាក់, ជនពិការ ចំនួន ២.០៧៨នាក់។ មួយវិញទៀតអតីតមន្រ្តីរាជការស៊ីវិលកំពុងគ្រប់គ្រងបច្ចុប្បន្ន សរុបចំនួន ២.២០៨ នាក់ក្នុងនោះ ៖ និវត្តជន ចំនួន ១.៧៤៦ នាក់, ជនបាត់បង់សមត្ថភាព ចំនួន ១៩នាក់, អ្នកនៅក្នុងបន្ទុកចំនួន ៤៤៣នាក់។
នាឱកាសនេះ ឯកឧត្តម អ៊ុក ឃ្នួច មានប្រសាសន៍ថា ដោយសារតែមានការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំថ្មី ក៏ដូចជាក្រុមការងារលេខាធិការដ្ឋាននៅ តាមថ្នាក់នីមួយៗមានការកែសម្រួលជាថ្មី និងស្របពេលដែលសមាគមពង្រីកវិសាលភាពនៃការងារ បញ្ចូលនិវត្តជនតាមក្រសួង–ស្ថាប័ន មន្ទីរ–អង្គភាពជុំវិញខេត្តចូលជាសមាជិកភាពសមាគម ទើបថ្នាក់ដឹកនាំសមាគម ចាត់តាំងថ្នាក់ដឹកនាំ និង មន្ត្រីជំនាញរបស់ អ.ន.ក.ថ្នាក់កណ្ដាល ចុះមកធ្វើការបណ្តុះបណ្ដាល និងពង្រឹងសមត្ថភាពការងារ សមាគមក្នុងបរិបថ និងរចនាសម្ព័ន្ធថ្មី ជាពិសេសគឺបណ្តុះបណ្តាលបំពាក់បំប៉នការងារដ្ឋបាល(ពាក់ព័ន្ធ ការបញ្ចូលសមាជិកសមាគម) និងការងារបេឡាមរណសង្គ្រោះ អ.ន.ក. សំដៅធ្វើយ៉ាងណាឲ្យថ្នាក់ដឹកនាំ និងក្រុមការងារលេខាធិការដ្ឋាន អ.ន.ក.គ្រប់ថ្នាក់របស់ខេត្តបានយល់ជ្រួតជ្រាប និងកាន់តែស៊ីជំរៅ ដើម្បីអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។
ឯកឧត្តម អ៊ុក ឃ្នួច មានប្រសាសន៍ទៀតថា កាលពីមុន អ.ន.ក.តាមថ្នាក់នីមួយៗគឺគ្រប់គ្រងសមាជិកសមាគមតែលើអតីតយុទ្ធជន និងគ្រួសារប៉ុណ្ណោះ ប៉ុន្តែចាប់ពីពេលនេះតទៅ គឺយើងត្រូវគ្រប់គ្រង ស្ថិតិ បញ្ជីឈ្មោះ ក៏ដូចជាការចុះជួបដោយផ្ទាល់ដល់គេហដ្ឋានរបស់សមាជិកសមាគមមានទាំងអតីតយុទ្ធជន និងនិវត្តជនដែលជាអតីតមន្ត្រីរាជការស៊ីវិលផងដែរ។ ក្នុងន័យនេះដើម្បីងាយស្រួលក្នុងការ អនុវត្តការងារ ងាយស្រួលក្នុងការគ្រប់គ្រងសមាជិក ក៏ដូចជាការដឹងសុខទុក្ខរបស់សមាជិកនៅថ្នាក់ របស់ខ្លួនឱ្យកាន់តែល្អប្រសើរ គណៈអចិន្ត្រៃយ៍ អ.ន.ក. សូមធ្វើណែនាំដល់គណៈកម្មាធិការ អ.ន.ក.ខេត្ត ក្រុង ស្រុក និងសាខា អ.ន.ក.ឃុំ សង្កាត់ ទាំងអស់ត្រូវចុះធ្វើស្រង់ទិន្នន័យសមាជិកសមាគម ទាំងអតីតយុទ្ធជន និងនិវត្តជន ដើម្បីចងក្រងធ្វើជាសៀវភៅសម្រាប់តម្កល់នៅថ្នាក់ឃុំចំនួន ១ក្បាល, ថ្នាក់ក្រុង ស្រុកចំនួន១ក្បាល, ថ្នាក់ខេត្តចំនួន ១ក្បាល និងនៅគណៈអចិន្ត្រៃយ៍ អ.ន.ក. ចំនួន ១ក្បាល ដើម្បីងាយស្រួលទំនាក់ទំនងជាមួយសមាជិក។
ជាចុងក្រោយ ឯកឧត្តម អ៊ុក ឃ្នួច សូមស្នើឱ្យថ្នាក់ដឹកនាំ ព្រមទាំងក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក.គ្រប់ថ្នាក់ទាំងអស់ត្រូវខិតខំត្រងត្រាប់ស្តាប់ការធ្វើបទបង្ហាញ និងលើកពីបញ្ហាប្រឈមនានាដែលជួបប្រទះក្នុងការអនុវត្តការងារសមាគមកន្លងមក ដើម្បីទទួលបានចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ថ្មីៗពីគ្រូឧទ្ទេសបន្ថែមទៀត ដើម្បីអនុវត្តការងារសមាគមកាន់តែល្អប្រសើរ និងកាន់តែមានប្រសិទ្ធភាពខ្ពស់៕

