ខេត្តព្រៃវែង ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពងខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម មុំ ប៊ុនថន រដ្ឋលេខាធិការ និងឯកឧត្តម សៅ ឡែន អនុរដ្ឋលេខាធិការ អមដំណើរដោយ ឯកឧត្តម អ៊ុ សុផាន់ណារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី«ការត្រៀមខ្លួនរបស់ប្រជាជនវ័យក្មេងដើម្បីឈានចូលវ័យចាស់»ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ ឡុង គន្ធា អភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ប្រធាននាយកដ្ឋានមនុស្សចាស់ និងអតីតយុទ្ធជន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តព្រៃវែង តំណាងមន្ទីរពាក់ព័ន្ធជុំវិញខេត្តព្រៃវែង មន្ត្រីជំនាញនៃនាយកដ្ឋានមនុស្សចាស់ និងអតីតយុទ្ធជន មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្ស និស្សិតនៃសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ សរុបប្រមាណចំនួន ១១០នាក់ នៅសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ខេត្តព្រៃវែង។
គោលបំណងនៃសិក្ខាសាលាផ្សព្វផ្សាយនេះគឺដើម្បី៖
–ចូលរួមអនុវត្តតាមគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ២០១៧–២០៣០ លើអាទិភាពទី៩ ការត្រៀមខ្លួនរបស់ប្រជាជនវ័យក្មេងឱ្យមានប្រសិទ្ធភាព។
–ធានាថាមនុស្សវ័យក្មេងត្រូវបានបណ្តុះបណ្តាលឱ្យមានចំណេះដឹងកាន់តែល្អប្រសើរដែលនឹងជួយឱ្យមនុស្សវ័យក្មេងអាចគ្រប់គ្រងដំណើរជីវិតរស់នៅមួយល្អច្រើនជាងអ្នកជំនាន់មុននៅពេលដែលពួកគាត់ឈានដល់វ័យចាស់។
–ផ្សព្វផ្សាយដល់មនុស្សវ័យក្មេង មន្រ្តីរាជការ មនុស្សចាស់ សិស្ស និស្សិត ឱ្យទទួលបានចំណេះដឹងបន្ថែមដើម្បីបានត្រៀមខ្លួនឱ្យល្អប្រសើរក្នុងដំណើរជីវិតឈានចូលវ័យចាស់ប្រកបដោយផលផ្លែ សុខភាពល្អ សកម្ម និងដោយសេចក្តីថ្លៃថ្នូរនៅពេលឈានដល់វ័យចាស់៕

