អភិបាលខេត្ត​កំពង់ចាម ​ណែនាំឱ្យបន្ត​យុទ្ធនាកា​របោសសម្អាត​បទល្មើស អ​នឡាញស្គែម និងព​ង្រឹងកា​រគ្រប់​គ្រងអា​ជីវកម្មសា​ច់បង្ក​កនាំចូល

កំពង់ចាម៖អភិបាលនៃគណៈ​អភិបា​លខេត្តកំពង់​ចាម ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំ ដល់ម​ន្ត្រីពាក់ព័​ន្ធ ឱ្យបន្តយុទ្ធនា​ការបោ​សសម្អាតបទល្មើ​សឆបោ​កតាមប្រព័ន្ធបច្ចេកវិ​ទ្យា (អនឡា​ញស្គែម) និងព​ង្រឹង​ការគ្រប់គ្រងអាជីវក​ម្មសាច់បង្កកនាំចូលដោយខុសច្បាប់ ថ្លែងបែប​នេះក្នុងកិ​ច្ចប្រជុំគណៈ​បញ្ជាការឯកភាពរដ្ឋបា​លខេត្តកំពង់ចា​ម នាព្រឹកថ្ងៃទី២២ ខែ​មិថុនា ឆ្នាំ២០២៦។

ថ្លែងក្នុងកិច្ច​ប្រជុំនោះដែរ ឯកឧត្តមអ​ភិបាលខេត្ត បា​នណែនាំដល់រដ្ឋបាលក្រុងស្រុក ទាំងអស់ ត្រូវពង្រឹង​ការគ្រប់​គ្រងអាជីវកម្ម​សាច់បង្កកនាំចូល​ដោយខុសច្បាប់ និងទំនិញ ក្លែងក្លាយ ពោល​គឺត្រូវមានកិច្ចស​ហការយ៉ាងជិតស្និទ្ធ ពីសមត្ថកិច្ចពាក់ព័ន្ធ វិស័យឯកជន និងប្រជាពលរដ្ឋ ដើម្បី​ទប់ស្កាត់​បទល្មើស និងការពារសុខុ​មាលភាពសាធារណៈ។

ឯកឧត្តម អ៊ុន ចាន់​ដា បានណែនាំដល់រដ្ឋបា​លក្រុងស្រុក ត្រូវបង្កើតបណ្តាញនៅតាមមូលដ្ឋាន ដើម្បីធ្វើការបោសសម្អាតបទល្មើសនានា ជាពិសេសបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា (អនឡា​ញស្គែម) ឱ្យមានប្រសិទ្ធភាព ពោលគឺត្រូវបង្កើតបណ្តាញ ស៊ើបកា​រណ៍សម្ងាត់​នៅតា​មមូលដ្ឋាន ដោយសហការជាមួយមេភូមិ ម្ចាស់ផ្ទះជួល ឬ ប្រជាពលរដ្ឋ ដើម្បីរាយ​ការណ៍ជា​បន្ទាន់នូវរាល់ទីតាំងសង្ស័យ​។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំ​ពង់ចាម ក៏បានសង្កត់ធ្ងន់ថា គ្រប់ ព័ត៌មាន​ពាក់ព័ន្ធនឹងបទល្មើសទាំងអស់​ ដែលទទួលបានពីបណ្តាញរាយការណ៍ គឺត្រូវចុះ​ធ្វើការបង្ក្រា​បភ្លាមៗ ប៉ុន្តែត្រូវកំណត់គោលដៅឱ្យបានច្បាស់លាស់ មុនពេលចុះប្រតិបត្តិការ ចៀសវាងការ ប៉ះពាល់ និង​ការរំខានដល់សុខុមាលភាព ឬសិទ្ធិរបស់ប្រជាពលរដ្ឋផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *