បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នឹងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់៩០ យាងចូល៩១ព្រះវស្សា ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នាពេលខាងមុខនេះ។ ពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៧ ខែមមិថុនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមឯកឧត្ដម ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សាខេត្ត និងលោកជំទាវ នួម សុភ័ណ អនុប្រធាន កត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី លោក លោកស្រី សមាជិក ក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ គណៈអភិបាលរង ខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពស្ថាប័នពាក់ព័ន្ធជុំវិញ គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខា ក្រុមកាកបាទក្រហមឃុំ–សង្កាត់ អ្នកស្ម័គ្រចិត្ត និង យុវជនកាកបាទក្រហមកម្ពុជា យុវជន ស.ស.យ.ក យុវជនកាយរឹទ្ធ សិស្សានុសិស្ស តាជី–យាយជីផងដែរ។
ក្នុងឱកាសដ៏មហាជ័យមង្គលថ្លៃថ្លា ពោរពេញដោយសេចក្តីសោមនស្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះនោះដែរថ្នាក់ដឹកនាំមន្ត្រីរាជការ ក៏បានសម្តែងថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់ប្រការ ថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលរឹងមាំ ព្រះបញ្ញាញាណភ្លឺត្រចះត្រចង់ និងមានព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សាចាកផុតនូវព្រះរោគាព្យាធិនានាតរៀងទៅ។ នឹងបានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី តាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំព្រះសព្ទសាធុការពរ ជ័យគ្រប់ប្រការ ថ្វាយចំពោះសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
បន្ទាប់ពីអានសារថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ រួចមកអង្គពិធីក៏បានធ្វើកិច្ចសាសនា និមន្តព្រះសង្ឃសូត្រពុទ្ធជ័យមង្គល ថ្វាយចំពោះហ្លួងម៉ែ ព្រមទាំងបានចែកអំណោយជូនដល់យាយជី –តាជី២០ នាក់ និងគ្រួសារក្រីក្រចំនួន៣៦គ្រួសារផងដែរ៕

