(បន្ទាយមានជ័យ) នារសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ ភាគីថៃបានប្រគល់ពលរដ្ឋខ្មែរដែលស្នាក់នៅនិងធ្វើការងារដោយខុសច្បាប់សរុប១២២នាក់ ស្រី៤៤នាក់ ក្នុងនោះមានកុមារ ១៤នាក់ផងដែរ ឱ្យមកអាជ្ញាធរកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានវត្តមានឯកឧត្តម ប៉ាន់ ខែមប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងប៉ោយប៉ែត អាជ្ញាធរក្រុង លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត រួមនឹងមន្ត្រីជំនាញពាក់ព័ន្ធផ្សេងទៀតបានទទួលស្វាគមន៍ និងផ្ដល់ស្បៀងអាហារមានដូចជានុំប៉័ង និងទឹកបរិសុទ្ធ ជូនពួកគាត់ទទួលទាន ។ក្រោយមកប៉ុស្តិ៍នគរបាល បានបន្តនិតិវិធីតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានច្រកទ្វារទី១ ធ្វើសម្រង់សាវតាតម្កល់ទុកនៅអង្គភាព បន្ទាប់មកជួយដឹកជញ្ជូនយកទៅប្រគល់ឱ្យមន្ត្រី នៃមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីអនុវត្តនីតិវិធីបន្ត ។
ពលរដ្ឋខ្មែរដែលត្រូវភាគីថៃបញ្ជូនមកឲ្យអាជ្ញាធរកម្ពុជានេះបានប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា ពួកខ្លួនត្រូវបានអាជ្ញាធរថៃចាប់ឃុំខ្លះរយៈពេល ២០ថ្ងៃ និងខ្លះទៀតរយៈពេល ៧ខែជាដើម ទើបបានរៀបចំបញ្ជូនមកប្រគល់ឱ្យអាជ្ញាធរកម្ពុជាវិញ ដោយសារពួកខ្លួនបានចូលទៅតាមច្រករបៀប ស្នាក់នៅនិងធ្វើការងារដោយខុសច្បាប់។
អាជ្ញាធរបានបញ្ជាក់ថា ពលរដ្ឋខ្មែរទាំងនេះខ្លះស្នាក់នៅធ្វើការក្នុងប្រទេសថៃ មួយចំនួនជាអាជីវករលក់ដូរក្នុងផ្សាររោងក្លឿ និងមួយចំនួនទៀតឆ្លងដែនតាមច្រករបៀងដោយខុសច្បាប់។ជាមួយគ្នានេះដែរអាជ្ញាធរក៏បានធ្វើការណែនាំឲ្យពលរដ្ឋខ្មែរបញ្ឈប់ការឆ្លងដែនខុសច្បាប់ចូលទៅស្នាក់នៅនិងធ្វើការងារនៅក្រៅប្រទេសដោយប្រថុយប្រថានបែបនេះទៀត ខណៈដែលប្រទេសទាំងពីកម្ពុជា–ថៃ កំពុងតែមានបញ្ហាតានតឹងដាក់គ្នានៅតាមព្រំដែនផងដែរនោះ៕

