ឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុខា កត់​សម្គាល់​ភាពលេចធ្លោ​របស់ខេត្តព្រៃវែ​ង ក្នុងឆ្នាំ២​០២៥ នឹង​ផ្ដល់អនុ​សាសន៍គន្លឹះ​សម្រាប់ឆ្នាំ​២០២៦ នេះ

ខេត្តព្រៃវែង៖ឯកឧត្តមអភិស​ន្តិបណ្ឌិត ស សុខា ឧ​បនាយករដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រ​សួងមហាផ្ទៃ និងជា​ប្រធាន​​ក្រុមការ​ងាររាជរដ្ឋាភិ​បាលចុះមូលដ្ឋានខេ​ត្តព្រៃវែង បា​នបង្ហាញការកត់សម្គាល់ និងកោតស​រសើ​រចំពោះ​រដ្ឋបា​ល​ខេត្តព្រៃវែង ​ដែលបា​នខិតខំប្រឹ​ងប្រែងតាម​ផែនការកា​រងារឆ្នាំ២០២៥ រហូត​សម្រេ​ច​បានលទ្ធផល​លេចធ្លោជា​ច្រើន ជាពិ​សេ​សការរក្សា​សន្តិសុខ​ សណ្ដាប់​ធ្នាប់សា​ធារណៈ និង​ការផ្ដល់​សេវាជូនប្រជា​ពលរដ្ឋ បា​នយ៉ាង​ល្អប្រសើរ កិច្ចអន្តរាគ​មន៍ជួយប្រជា​ពលរដ្ឋក្នុង​ការបង្ក​បង្កើន​ផល​ស្រូវប្រាំង​ ការគាំទ្រពល​រដ្ឋវិលពីប្រទេសថៃ និងការចូលរួម​ឧបត្ថម្ភគាំ​ទ្រវីរយុទ្ធជនកា​រពារព្រំដែ​ន និង​ពលរដ្ឋភៀ​សសឹក​ដោយសា​រ​អំពើឈ្លា​នពានរប​ស់កងទ័ពថៃ។

ការថ្លែង​យ៉ាងដូ​ច្នេះពី​ឯកឧត្តមអភិ​សន្តិបណ្ឌិត បានធ្វើឡើងក្នុង​ឱកាសអញ្ជើ​ញជាអធិប​តី​បិទ​សន្និ​បាត​បូកសរុប​លទ្ធផលកា​រងារប្រចាំឆ្នាំ២​០២៥ និងលើកទិ​សដៅ​ការងារឆ្នាំ២០២៦ របស់រ​ដ្ឋបាល​ខេត្តព្រៃវែង នាព្រឹកថ្ងៃទី​២៣ ខែមករា ឆ្នាំ២០២​៦ នៅសា​លប្រជុំសាលាខេ​ត្តព្រៃវែង។

បើតា​មឯកឧត្តម សួន សុម៉ាលីន អភិ​បាលនៃគ​ណៈអភិបាលខេត្ត​ព្រៃវែង ក្នុងឆ្នាំ២០២៥ កន្លងទៅ រដ្ឋបាល​ខេត្ត សម្រេចបានស​មិទ្ធផលលេ​ចធ្លោជា​ច្រើន រួមមាន៖ ការពង្រឹង​ប្រសិទ្ធភា​ពគ្រប់គ្រង​រដ្ឋបាល ការស​ម្រប​សម្រួល និងទ​ទួលពលករវិ​លត្រឡប់ពី​ប្រទេសថៃ ការចូលរួមគាំ​ទ្រយ៉ាងសក​ម្មក្នុងបុព្វហេ​តុ​ការពារជាតិ​នៅសម​រភូមិជួរមុខ ការរក្សា​សន្តិសុខស​ណ្តាប់ធ្នាប់សាធារណៈ បាន​យ៉ាងល្អប្រ​សើរ ព្រមទាំង​ការជំរុញការអភិ​វឌ្ឍលើវិស័​យនានា​ និងការងារសង្គមកិច្ច។

ឯកឧត្ត​មអភិសន្តិបណ្ឌិត ប្រមុ​ខក្រសួងមហាផ្ទៃ បា​នបន្តមានប្រសាសន៍កោតសរសើរ និងលើ​កទឹក​ចិត្តរដ្ឋ​បាលខេត្ត ក៏ដូច​ជាបងប្អូនប្រ​ជាពលរដ្ឋខេត្តព្រៃវែងទាំងមូល ដែលបានបង្ហា​ញស្មារតីសាមគ្គី​ភាពយ៉ាងស​កម្ម តាម​រយៈការចូលរួមបរិច្ចាគក្នុងមូលនិធិផ្សេងៗ ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការជួ​យសង្គ្រោះពលរដ្ឋភៀសសឹក និងឧបត្ថម្ភដល់វីរយុទ្ធជន ដែលកំពុងឈរជើងកា​រពារបូរណ​ភាពទឹកដី។ ឯកឧត្តមអ​ភិសន្តិបណ្ឌិត ក៏​បានមានប្រ​សាសន៍ទៀតថា ទឹកចិត្ត សប្បុរសធម៌ដ៏មហា​សាល​នេះ ធ្វើឱ្យរដ្ឋបាល​ខេត្ត និងប្រជាជនខេត្តព្រៃវែង មានលទ្ធភាពចូ​លរួមគាំទ្រវីរយុទ្ធ​ជននៅព្រំដែន និងពលរដ្ឋភៀសសឹក ដោយសរុបជាថវិកាមានជិត ១លានដុល្លារអាម៉េរិក។

ពីវេទិកាអធិប​តីនៃ​ពិធីបិទសន្និបា​តនោះដែរ ឯកឧត្តមអ​ភិសន្តិបណ្ឌិត ស សុខា បានផ្ដ​ល់អនុសា​សន៍ណែនាំ​រដ្ឋបាលខេត្ត អា​ជ្ញាធរ និងកងកម្លាំង​មានសមត្ថកិច្ចគ្រប់​លំដាប់ថ្នាក់ក្នុ​ងមូលដ្ឋាន​ខេត្ត​ព្រៃវែង ត្រូវបន្តពង្រឹងស្មារ​តីសាមគ្គីភាព និងប្តេជ្ញា​ចិត្តខ្ពស់ក្នុង​ការអនុវត្តភារកិច្ចឱ្យសម្រេចបាន​លទ្ធផលកាន់​តែប្រសើរឡើងក្នុងឆ្នាំ២០២៦។ ក្នុងនោះ ឯកឧត្តម បានសង្កត់ធ្ងន់​លើការងារអា​ទិភាពមួយចំនួ​ន រួមមាន៖ ការបន្តការពា​រសន្តិភាព និងស្ថិរភា​ពនយោបាយ ការរឹតបន្តឹង​សន្តិសុខស​ណ្តាប់ធ្នាប់​សាធារ​ណៈ និងសុវត្ថិភាពសង្គម ការគ្រប់គ្រងរដ្ឋបាលដែនដី ការលើកកម្ពស់​ប្រសិទ្ធភាព​នៃការផ្តល់​សេវា​សាធារណៈ ការអភិវឌ្ឍមូលដ្ឋាន ការគ្រប់គ្រងនិងការអភិវឌ្ឍតំបន់ព្រំដែន ព្រមទាំ​ងការកែ​លម្អរបៀបរបបធ្វើការងារឱ្យកាន់តែមានប្រសិទ្ធភាព។

ជាមួយ​គ្នានេះ ក្នុងគ្រាដែល​រដ្ឋបាល​ខេត្តព្រៃវែង ទើប​មានការផ្លាស់ប្ដូរអ​ភិបាលក្រុង ស្រុកមួយចំ​នួនជា​បន្តបន្ទាប់ នាឆ្នាំ២០២៦​នេះ ប្រមុខ​ក្រសួងម​ហាផ្ទៃ ក៏បានផ្តល់កា​រណែនាំយ៉ា​ងម៉ឺងម៉ាត់ឱ្យ​បន្តបំពេញតួនា​ទីស្រប​តាមច្បាប់ ក្នុងកា​រងារបម្រើប្រជាពលរដ្ឋ ដោយត្រូវមានកិច្ចសហ​ការជាធ្លុងមួ​យជាមួយ​មន្ត្រីពាក់​ព័ន្ធក្នុងមូលដ្ឋានរៀងៗខ្លួន។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត រដ្ឋបាលក្រុងស្រុក សម្រេចបានជោគជ័យការងាររបស់ខ្លួន ក៏ជាការកំណត់ភាពជោគជ័យរបស់រដ្ឋបាលខេត្តដូចគ្នាដែរ។ ចំណែកជោគជ័យ​នៃផែនការឃុំសង្កាត់ ក៏រួម​ចំណែកសម្រេចបានជោគជ័យផែនការរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលខេត្តដូចគ្នាដែរ។ ឯកឧត្តម បានណែនាំជាថ្មីទៀត ឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមគ្នាពង្រឹង​ការងារសន្តិសុខ និងត្រូវសិក្សារិះរកយុទ្ធសាស្ត្រថ្មីៗក្នុងការផ្ដល់សេវាសាធារណៈ ឱ្យកា​ន់តែ​មានភាពសាមញ្ញ ឆាប់រហ័ស និងមានប្រសិទ្ធភាព ដើម្បីបង្កើនភាពជឿជាក់ និងទាក់ទា​ញការគាំទ្រ​ពី​សំណាក់ប្រជាពលរដ្ឋ។

ក្នុងឱកា​សនោះ​ដែរ ឯកឧត្តម​អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តព្រៃវែង ក្នុងការកៀរគរ និងទាក់ទា​ញការវិនិយោគ។ ជាលទ្ធផលជាក់ស្តែង នាពេលថ្មីៗនេះ ខេត្ត ទទួលបានគម្រោងវិនិយោគធំៗ ចំនួន ៣ ដែលមានទំហំទុនវិនិយោគចាប់ពី ៦លានដុល្លារ ដល់ជាង ២០លានដុល្លារអាម៉េរិក ក្នុងមួយ​គ​ម្រោង និងបានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានជិត ៤.០០០​កន្លែង។ ឯកឧត្តមអភិស​ន្តិបណ្ឌិត មានជំនឿជឿជា​ក់យ៉ាងមុតមាំថា តាមរយៈលំហូរវិនិ​យោគទាំង​នេះ នឹងក្លាយជាក្បាលម៉ាស៊ីនយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចខេត្តព្រៃវែង ឱ្យកាន់តែរីក​ចម្រើ​នខ្លាំង​ក្លា និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង៕

Leave a Reply

Your email address will not be published. Required fields are marked *