ខេត្តបន្ទាយមានជ័យ៖លោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យតំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត អញ្ជើញជាអធិបតីភាព នៅក្នុងកិច្ចប្រជុំសារាចរណ៍ណែនាំស្ដីពីការអនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងនៅឆ្នាំ២០២៦ ជូនមន្ទីរជំនាញ អង្គភាពជុំវិញខេត្តនាព្រឹកថ្ងៃសុក្រ ៥កើត ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ក្នុងនោះក៏មានការចូលរួមពីប្រតិភូក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានឲ្យដឹងថា កិច្ចប្រជុំផ្សព្វផ្សាយនៅថ្ងៃនេះ ពិតជាមានសារៈសំខាន់ សម្រាប់ អស់លោក លោកស្រី ដែលជាមន្រ្ដីមន្ទីរជំនាញអង្គភាពជុំវិញខេត្ត និងភាគីពាក់ព័ន្ធតាមរយៈ ការទទួលបាននៅ ពុទ្ធិថ្មីបន្ថែមសម្រាប់អនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងនៅឆ្នាំ២០២៦ សំដៅយ៉ាងណាឲ្យការអនុវត្តថវិកា របស់អង្គភាពនីមួយៗ ដោយមានភាពរលូនត្រឹមត្រូវ ទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិតម្លាភាព និងការទទួលខុសត្រូវខ្ពស់ស្របតាមសារាចរណ៍ណែនាំលេខ ០២១ សហវ.សរអថ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងនៅឆ្នាំ ២០២៦ មានគោលដៅពង្រឹង ជីវិតការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី និងបន្តគាំទ្រអនុវត្តនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសការអនុវត្តនូវអាទិភាពគោលនយោបាយសំខាន់ៗ និងវិធានការគន្លឹះនានា ដែលត្រូវបានដាក់ឲ្យអនុវត្តជាបន្តបន្ទាប់ចាប់ពីដើមនីតិកាលទី៧ នៃរដ្ឋសភា ឲ្យសម្រេចបាននូវលទ្ធផលផ្លែផ្កា អតិបរមាដើម្បីឆ្លើយតបនឹងសំណូមពរសេចក្ដីត្រូវការ និងការរំពឹងទុករបស់បងប្អូនប្រជាជនកម្ពុជាដែលជាម្ចាស់ឆ្នោត។
លោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្តបានមានប្រសាសន៍ថា ក្នុងបរិយាកាសនៃការទទួលរងនូវការឈ្លានពាននិងការរំលោភបំពានជាបន្តបន្ទាប់មកលើអធិបតេយ្យជាតិបូរណភាព នៅតាមបណ្ដោយព្រំដែនកម្ពុជាថៃ កម្ពុជានៅតែបន្តជួបប្រឈមនឹងហានិភ័យនិងភាពមិនប្រាកដប្រជាខ្ពស់ពីកត្តាខាងក្រៅដែលជា ប្រការយាយី ដល់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម សម្រាប់រយៈពេលខ្លីនិងមធ្យមនាពេលខាងមុខ។ នៅក្នុងន័យនេះ កម្ពុជាត្រូវ ការយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងសមត្ថភាពអធិបតេយ្យភាព និងបូរណភាពទឹកដី ការអភិវឌ្ឍមនុស្សនិងស្ថាប័ន ដើម្បីកសាងបាននូវប្រព័ន្ធរដ្ឋបាលសាធារណៈមួយដែលកាន់តែស្អាតស្អំឆ្លាតវៃ និងមានសមត្ថភាពខ្លាំងពូកែ ហើយអាចដោះស្រាយបញ្ហាប្រឈមសង្គមសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់។ ការលើកកម្ពស់ភាព ប្រជែងសម្រាប់ទ្រទ្រង់ដល់ដំណើរការអភិវឌ្ឍកម្មស៊ីជម្រៅរបស់កម្ពុជា។ ជាពិសេសការត្រៀមខ្លួនឲ្យបានល្អនៅក្នុងការប្រែក្លាយបញ្ហាប្រឈមនានា ឲ្យតែជាកាលានុវត្តភាពសម្រាប់លើកកម្ពស់ប្រសិទ្ធភាព នៃការប្រកួតប្រជែងសេដ្ឋកិច្ច និងកែលម្អបរិស្ថាននៃការយោគយល់ដើម្បីទទួលនិងទាក់ទាញ នាំចូលការវិនិយោគ និងធុរកិច្ច ដែលអាចនឹងហូរចេញពីតំបន់មានជម្លោះពាណិជ្ជកម្មចូលមកកម្ពុជា៕

