(បន្ទាយមានជ័យ)៖ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ វ៉ុន សំណាង ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅបច្ចុបន្បន្ន ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ស្តីពីករណីហិង្សាដោយចេតនា ដែលប្រព្រឹត្តកាលពីវេលាម៉ោងប្រហែល១៨និង០០នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចម្តុំស្រះត្រជាក់ចិត្ត ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ក្រោយពីទទួលពាក្យបណ្តឹងរួចកម្លាំងជំនាញដឹកនាំដោយលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះស្រាវជ្រាវសហការជាមួយជនរងគ្រោះ នៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី២៥ ខែឧសភា ជនរងគ្រោះបាននាំជនសង្ស័យឈ្មោះ ទាង បញ្ញាត (ព្រែក) ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំ។
លោកអនុសេនីយ៍ឯក តិល តៃលីវ បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួន និងបក្ខពួកពិតជាបានប្រើអំពើហិង្សាដោយយកកាំបិតផ្គាក់វាយទៅលើជនរងគ្រោះបណ្តាលឱ្យរងរបួសជាំពេញផ្ទៃមុខ និងហូរឈាមតាមច្រមុះ (បាក់ខ្ទង់ច្រមុះ) ពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាពនិងមានស្ដាមមុខរបួស កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា ច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦ ដើម្បីអនុវត្តតាមនីតិវិធី៕

