អភិបាល ខេត្តបន្ទាយមានជ័យ អញ្ជើញអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារ​មជ្ឈមណ្ឌ​លសិក្សាពេញមួ​យជីវិត” នៅ​ឃុំជប់វារី

បន្ទាយមានជ័យ ៖ ឯកឧត្ដម ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សា ខេត្ត ឯក​ឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈ​អ​ភិបាលខេត្តបន្ទាយមា​នជ័យ អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារ​មជ្ឈមណ្ឌ​លសិក្សាពេញមួ​យជីវិត” នៅ​ជប់វារី ស្រុកព្រះ​នេត្រព្រះ ជា​ជំនួយរ​បស់អង្គការ កុមារ​ឥ​តព្រំដែ​ន ប្រចាំកម្ពុជា​ KNK ។ ពិធីនេះបានធ្វើឡើង​នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៦ នៅបរិវេ​ណកា​រិយាល័យ​អប់រំស្រុ​កព្រះនេត្រព្រះ ដោយ​មានការចូលរួមពី ឯកឧត្តមបណ្ឌិត ឌី សមស៊ី​ដេត អគ្គនា​យករង នៃអគ្គនា​យកដ្ឋានអ​ប់រំ និង​ជាប្រធានគ​ណៈ គ្រប់គ្រង នាយកដ្ឋាន​អប់រំក្រៅ​ប្រព័ន្ធ និងប​រិយាបន្ន លោក​ យ៉ូនីសាវ៉ា ​អាតសុស៊ី (Mr​. ATSUSHI YONEZAWA) ប្រធាន​ការិយាល័​យកុងស៊ុ​លជប៉ុ​នប្រចាំកម្ពុជា លោក ​ស្រី សាកាន​ (Mr. Srey Sakan) នាយក អង្គការកុមា​រឥតព្រំដែ​ន ប្រចាំកម្ពុជា​ និងសហ​ការីលោក​ប្រធាន​នាយកដ្ឋាន​អប់រំក្រៅប្រព័ន្ធ មន្ទីរ អង្គភាព ពាក់ព័ន្ធ គ​ណៈអភិបាល​ស្រុក ក្រុមប្រឹក្សា​ស្រុក សិស្សា​នុសិស្ស យុវជន យ៉ាងច្រើនកុះ​ករផងដែរ ។

លោក ស្រី សាកាន នា​យកអង្គការកុមា​រឥតព្រំដែន ប្រចាំកម្ពុជា ក៏បានថ្លែងអំណ​រគុណយ៉ាង​ជ្រាលជ្រៅចំ​ពោះ ក្រសួងកា​របរទេសជប៉ុន តាម​រយៈស្ថានទូត ប្រចាំកម្ពុជា ដែលបានផ្តល់​ថវិកាគាំ​ទ្រដល់កម្មវិ​ធី កសាងសម្ថតភា​ពយុវជនបោះប​ង់ការសិក្សាក្នុងខេត្តបន្ទាយមានជ័យ ដោយពង្រឹ​ងមជ្ឈមណ្ឌល​សិក្សាពេ​ញមួយជីវិត តា​មរយៈអង្គការកុមារឥតព្រំដែនអន្តរជាតិ។
លោក យ៉ូនី​សាវ៉ា អាតសុស៊ី (Mr. ATSUSHI YONEZAWA) ប្រធានការិយាល័យកុង​ស៊ុលជប៉ុ​នប្រចាំកម្ពុជា បានចូលរួមរំ​លែកទុក្ខយ៉ាងក្រៀមក្រំ ចំ​ពោះប្រជាពលរដ្ឋ ដែលបានរងគ្រោះ​ពីបញ្ហាជម្លោះព្រំដែ​ននៅឆ្នាំមុន។ ដោយ​ប្រទេសជប៉ុន​សង្ឃឹមយ៉ាងមុតមាំថា បញ្ហាព្រំដែននេះ នឹង​ត្រូវបានដោះ​ស្រាយដោយ​សន្តិវិធី។ ហើយ​ប្រទេសជប៉ុន​ ក៏បន្តប្តេជ្ញាផ្តល់ការគាំទ្រក្នុងទម្រង់ផ្សេងៗ ដើម្បីជួយបន្ធូរភា​ពតានតឹង និងជួយ​ដល់ប្រ​ជាជនដែល​រងផលប៉ះពាល់។ ជាមួយគ្នានោះលោក យ៉ូនី​សាវ៉ា អាតសុស៊ី ក៏បានចូលរួមអបអរសាទរ ការបញ្ចប់ការសាង​សង់មជ្ឈមណ្ឌល​សិក្សាពេញមួ​យជីវិ​តនៅស្រុកព្រះនេត្រព្រះ។ លោកថា មជ្ឈមណ្ឌ​លនេះ នឹងផ្តល់ឱកាសអប់រំ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ ដល់យុវជន ដែលនឹង បំពេញតួនាទីយ៉ាងសំខាន់ សម្រាប់​អនាគតរបស់​ប្រទេសកម្ពុជា។
ឯកឧត្ដម​ អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត មានប្រសាសន៍ ថា អគារដែលកំពុងដាក់ស​ម្ពោធនាពេល​នេះ គឺជាស​មិទ្ធផលថ្មីមួយបន្ថែមទៀត ដែលជាជំនួយឧ​បត្ថម្ភដ៏ថ្លៃថ្លារបស់​អង្គការ​កុមារឥតព្រំដែ​នប្រចាំកម្ពុជា ដែលបានជួយគាំទ្រដល់វិស័យសិក្សាធិការនៅក្នុងខេត្តបន្ទាយមានជ័យ ហើយក៏​ជាការចូលរួមចំណែកដ៏សំខាន់ក្នុងការជួយអភិវឌ្ឍន៍ដល់ វិស័យអប់រំ ឱ្យកាន់តែមាន​ភាព​ល្អប្រសើរក្នុ​ងស្ថានភាពដែលខេត្ត មានបញ្ហាប្រឈមពីការឈ្លានពានរបស់ប្រទេសថៃ។ ឯកឧត្ដម ក៏បានចូលរួមអបអរសាទ​រ និងបង្ហាញពីមោទ​នភាពជាមួយថ្នាក់ដឹកនាំក្រសួងអប់រំ មន្ទីរអប់រំ យុវជន និងកីឡា​ខេត្ត រដ្ឋបាលស្រុក​ព្រះនេត្រព្រះ ជាពិសេ​សការិយាល័យអប់រំស្រុកព្រះនេតព្រះ ក៏ដូចជា​បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរ មូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចំពោះសមិទ្ធផ​លអគារ​មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត ដែលជាផ្នែ​កមួយជួយឱ្យកា​រងារបម្រើសេវា​អប់រំសិក្សា​បានកា​ន់តែងា​យស្រួល មានភាពកក់ក្តៅ ឆ្លើយតបនឹង​តម្រូវការរប​ស់មូលដ្ឋានស្រ​បតាមយុទ្ធសាស្ត្រ​បញ្ចកោណដំណាក់កាល​ទី១ និងកម្មវិធីគោ​លនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំដ៏ឈ្លាសវៃប្រក​បដោយគតិបណ្ឌិត សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូ និងយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ ដែលជា​បញ្ហាអាទិភាពជាពិ​សេស សេវាសាធា​រណៈនៅថ្នាក់ក្រោមជាតិ។

ឯកឧត្ដម អភិបាល ខេត្ត ក៏បានបញ្ជាក់ថា ការសិក្សានៅមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត មិនមែន​មានតែការទទួលបានចំណេះដឹង និងជំនាញបច្ចេកទេស ប៉ុណ្ណោះទេ គឺតាមរយៈការសិក្សា និងការ​រស់នៅជាក្រុម​ជាមួយមិត្តភក្តិ សិស្សានុសិស្ស ក៏អាចអភិវឌ្ឍជំនាញប្រាស្រ័យទាក់ទង រួមទាំងវិធីក​សាងទំនាក់​ទំនងល្អ នៅកន្លែងការងារ ការរៀនសូត្រ ការដកបទពិសោធន៍ និងការរាប់​អានមិត្តភក្តិ​នៅទីនេះ នឹងក្លាយជាទ្រព្យសម្បត្តិ ដ៏មានតម្លៃ ក្នុងជីវិតរបស់សិស្សានុសិស្សទាំងអស់គ្នា។
បើតាមកា​របញ្ជាក់ពី​លោក ហឿន វិរៈ អភិ​បាល ស្រុកព្រះនេត្រព្រះ ឱ្យដឹងថា អាគារមជ្ឈម​ណ្ឌលសិក្សាពេ​ញមួយជីវិត ឃុំជប់វារី ចាប់ផ្តេីមសាងសង់នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ និងបញ្ចប់នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ មានទំហំ ១២ម៉ែត្រ គុណ ១៦ម៉ែត្រ មានចំនួន៣បន្ទប់ និងមាន​បន្ទប់ទឹកប្រុសចំនួន១ បន្ទប់ទឹកស្រីចំនួន១ “ចំណាយថវិកាសរុប ៧៦,៩៩៩.៦៨ដុល្លារ។ ក្នុងអគារត្រូវបានបំពាក់សម្ភារៈការិយាល័យ នឹង សម្ភារៈបម្រើឱ្យការសិក្សា​នាញរួមមានជំនាញជួស​ជុលម៉ាស៊ីន ត្រជាក់ ជំនាញសំអាងការ កុំព្យូទ័រ និងថ្នាក់សិក្សាកម្រិតមូលដ្ឋាន៕

Leave a Reply

Your email address will not be published. Required fields are marked *