បន្ទាយមានជ័យ ៖ ឯកឧត្ដម ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា៧ខ្នង ស្មើរនឹង២៧បន្ទប់ នៅស្រុកព្រះនេត្រព្រះ ជាជំនួយរបស់សមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូគ្រឹស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ។ ពិធីបានរៀបចំឡើងនាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅសាលាបឋមសិក្សាកន្ត្រប់ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ដោយមានការចូលរួមពីម្ចាស់ជំនួយលោក ម៉ាក បូល័រ (Mr. Mark Bowler) និងលោកស្រី អានេត បូល័រ (Annette Bowler) គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក មន្រ្តីរាជការ មន្ទីរ អង្គភាព ពាក់ព័ន្ធ អង្គការ ដៃគូរ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ ។
ម្ចាស់ជំនួយលោក ម៉ាក បូល័រ (Mr. Mark Bowler) ក៏បានថ្លែងអំណរគុណទៅដល់ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ មន្ទីរអបរ់ យុវជន និងកីឡាខេត្ត ការិយាល័យ អប់រំស្រុក នាយកសាលា តែងតែមានការសម្របសម្រួលដល់ក្រុមការងាររបស់លោកក្នុងការជួយដល់សិស្សានុសិស្ស ជាពិសេសតាមរយៈនៃការសាងសង់ ឬជួសជុលសាលារៀន ឱ្យមានសោភ័ណភាពឡើងវិញ ដើម្បីជាការចូលរួមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាលើកកម្ពស់លើវិស័យអប់រំ ក៏ដូចជាដើម្បីឱ្យកុមារៗមានអគារសិក្សាបានរៀនសូត្រសមរម្យប្រកបដោយចំណេះដឹង។
លោកក៏បានបន្តថា ចំពោះជំនួយដែលសមាគមនទទួលបានយកមកសាងសង់ និងជួសជុលសាលារៀននេះ គឺកើតចេញពីការសាមគ្គីរវាង មិត្តភក្តិ បងប្អូន បរទេស ចូលរួមជាថវិកា ដើម្បីជួយដល់សាលារៀននៅក្នុងប្រទេសកម្ពុជា ពិសេសនៅក្នុងខេត្តបន្ទាយមានជ័យ ជាក់ស្តែងក្នុងស្រុកព្រះនេត្រព្រះ ជាដើម។
នាឱកាសនោះឯកឧត្ដម អ៊ុំ រាត្រី ក៏បានថ្លែងនូវអំណរគុណចំពោះសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានផ្តល់អគារសិក្សា សម្រាប់ការចូលរួមអភិវឌ្ឍន៍វិស័យអប់រំក្នុងខេត្តបន្ទាយមានជ័យ តាមរយៈការជួយសាងសង់ ជួសជុល និងកែលម្អនូវហេដ្ឋារចនាសម្ព័ន្ធវិស័យអប់រំ ការបំពាក់សម្ភារ–បរិក្ខាសិក្សា ការគាំទ្រដល់ការបណ្តុះបណ្ដាលពង្រឹងសមត្ថភាពដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ ដែលនេះគឺជាផ្នែកមួយរួមចំណែកក្នុងការលើកកម្ពស់ និងកែលម្អគុណភាពសេវាអប់រំសិក្សាឱ្យកាន់តែមានភាពប្រសើរឡើង និងប្រកបដោយមានប្រសិទ្ធភាព។
ឯកឧត្ដម បន្តថា សមាគមតែងតែជួយនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោក ដែលជាការបរិច្ចាគរបស់សមាជិក នៃសមាគម ដើម្បីប្រើប្រាស់ក្នុងការងារមនុស្សធម៌ដោយមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ហើយពិតជាមានតម្លៃ មិនអាចកាត់ថ្លៃបានឡើយ។
សូមបញ្ជាក់ថា ៖ អគារសិក្សា៧ខ្នង ស្មើនឹង ២៧បន្ទប់ ដែលជាអំណាយរបស់ សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទនៃ ពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលចំណាយអស់ទឹកប្រាក់សរុប ៥៥៤.៧៣២ ដុល្លារក្នុងនោះមាន ៖ សាលាបឋមសិក្សា ស្រមោច ១ខ្នង ៤បន្ទប់, សាលាបឋមសិក្សា ពពេល ១ខ្នង ៣បន្ទប់, សាលាបឋមសិក្សាកន្ត្រប់ ១ខ្នង ៦បន្ទប់, សាលាបឋមសិក្សា សំរោង ១ខ្នង ៣បន្ទប់, សាលាបឋមសិក្សា ទឹកជោរ២ខ្នង ៧បន្ទប់, សាលាបឋមសិក្សា ភូមិថ្មី ១ខ្នង ៤បន្ទប់៕

