(បន្ទាយមានជ័យ)៖នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នៅវត្តចមសុទ្ធាវាស ហៅវត្តស្វាយចាស់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ សាលាគណខេត្ត បានសហការជាមួយមន្ទីរធម្មការនិងសាសនាខេត្ត រៀបចំពិធីបុណ្យសម្ពោធឆ្លង បណ្ណាល័យ ពុទ្ធសាសនបណ្ឌិត្យសាខាខេត្តបន្ទាយមានជ័យនិងបុណ្យផ្កាប្រាក់សាមគ្គីដើម្បីប្រមូលបច្ច័យចាក់ដីទីធ្លា បណ្ណាល័យ។ ពិធីនេះក៏បាន អារាធនា និមន្តព្រះធម្មវនាវាសី ច័ន្ទមុនី ព្រះសមុហ៍គណខេត្តកំពង់ឆ្នាំង និងជាព្រះគ្រូចៅអធិការវត្ត ចន្ទប្បជ្ជោត្តរាម ហៅវត្ត តាសុត សម្ដែងព្រះធម្មវិសេសទេសនា។
លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត បានមានប្រសាសន៍ថា ការធ្វើបុណ្យសម្ពោធឆ្លង និងបុណ្យផ្កាប្រាក់សាមគ្គីនេះ គឺក្នុងគោលបំណងដើម្បីបានយកបច្ច័យ ជាវសៀវភៅ គម្ពីរក្បួនច្បាប់ ឯកសារផ្សេងៗ ដើម្បីតម្កល់ទុកសម្រាប់ព្រះសង្ឃ សាមណៈនិស្សិត សាមណៈសិស្ស និងពុទ្ធបរិស័ទសិក្សារៀនសូត្រក្នុងបណ្ណាល័យ ដើម្បីបានជាចំណេះដឹងផ្លូវលោកផ្លូវធម៌ ហើយចំពោះ បច្ច័យមួយចំនួនទៀត គឺតម្រូវ ការចាក់ដីលុបទីធ្លាខាងមុខនិងខាងចំហៀងដើម្បីបានកសាង សាលាបន្ថែមសម្រាប់ជាគុណប្រយោជន៍ដល់សង្គម សិក្សារៀនសូត្រក្នុងទីរួមខេត្តនេះ។
ព្រះធម្មវនាវាសី ច័ន្ទមុនី បានមានសង្ឃដីកាផ្ដោតសំខាន់ តាមគោលនយោបាយអប់រំរបស់រាជរដ្ឋាភិបាលដែលមានសម្តេច មហាបវរធិបតី ហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ នីតិកាលទី៧ នៃរដ្ឋសភាក្រោមដំបូលនៃរដ្ឋធម្មនុញ្ញនិងក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ បានបន្តលើកស្ទួយវិស័យពុទ្ធិកសិក្សានៅក្នុងប្រទេសកម្ពុជាឲ្យមានភាពរីកចម្រើន ជាពិសេស សម្ដេចធិបតី បានបន្តលើកតម្កើង សាលាបាលីឲ្យរីកដុះដាលបន្ថែមទៀត ស្របជាមួយរដ្ឋធម្មនុញ្ញ ត្រង់មាត្រា៦៨ បានចែងថា រដ្ឋផ្សព្វផ្សាយនិងលើកតម្កើងសាលាបាលីនិងពុទ្ធិកសិក្សា។ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានខិតខំជំរុញ និងការអភិវឌ្ឍពុទ្ធិកសិក្សាឲ្យ រីកចម្រើន ពីព្រោះពុទ្ធិកសិក្សាគឺជាគ្រឹះស្ថានសាធារណៈដែលបណ្តុះបណ្តាលទាំងសីលធម៌គុណធម៌ទាំងសមត្ថភាព ឲ្យមនុស្សដែលអាចជួយខ្លួនឯងគ្រួសារ ពុទ្ធសាសនា និងសង្គមជាតិ ។ ការអភិវឌ្ឍពុទ្ធិកសិក្សាគឺជាការអភិវឌ្ឍព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ និងជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍសីលធម៌សង្គមប្រកបដោយនិរន្តរភាព។
ដើម្បីទទួលបានគុណភាពអប់រំពុទ្ធិកសិក្សា របស់សាមណសិស្សសមណសិស្ស សមណនិស្សិតនិស្សិត អគារធិការដ្ឋានពុទ្ធិកសិក្សាជាតិ បាននិងកំពុងយកចិត្តទុកដាក់ក្នុងការកែទម្រង់ពង្រឹងសមត្ថភាពមន្ត្រីនិងគ្រូពុទ្ធិកសិក្សា ព្រមទាំង អភិវឌ្ឍកម្មវិធីព្រឹត្តិការណ៍សិក្សាថ្មី ឲ្យស្របតាមការរីកចម្រើននៃបច្ចេកវិទ្យា ដើម្បីអភិរក្សនិងអភិវឌ្ឍនូវអ្វីជាលក្ខណៈពិសេសដែលជាអត្តសញ្ញាណរបស់ពុទ្ធិកសិក្សា ដោយបច្ចុប្បន្នការរីកចម្រើនរបស់កម្ពុជា ក៏ដូចជាក្នុងតំបន់និងសកលលោក តម្រូវឲ្យមានការប្រកួតប្រជែងយ៉ាងខ្លាំងរវាងសមត្ថភាពចំណេះដឹងនិងមុខជំនាញដើម្បីឆ្លើយ បច្ចេកវិទ្យាថ្មីៗ។
ដើម្បីជំរុញឲ្យវិស័យអប់រំ ពុទ្ធិកសិក្សានេះមានភាពប្រសើរឡើង ត្រូវបង្កើនការយល់ដឹង ដល់ព្រះមន្ត្រីសង្ឃមន្ត្រីរាជការក្នុងការបំពេញការងារទៅតាមភារ:កិច្ច ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងការទទួលខុសត្រូវកាន់តែមានប្រសិទ្ធភាព។
បញ្ចប់កម្មវិធី គេសង្កេតឃើញបងប្អូនប្រជាពុទ្ធបរិស័ទជិតឆ្ងាយ មកទទួលស្វាគមន៍ព្រះអង្គច័ន្ទមុនីក្នុងគោលបំណងសុំពរជ័យសេរីមង្គលវិបុលសុខទុក្ខក្រុមគ្រួសារនិងមានទឹកចិត្តជ្រះថ្លាសប្បាយរីករាយ អឺងកងដ៏ក្រៃលែង៕

