បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ និងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ រួមជាមួយមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំប្រារព្ធខួបលើកទី១៩ ទិវា“អតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ១២ ខែឧសភា ឆ្នាំ២០២៦” ដើម្បីរំឭកអំពីវីរភាពនិងផ្តល់កិត្តិយសឱ្យស័ក្តិសមនឹងគុណបំណាច់របស់អតីតយុទ្ធជនចំពោះជាតិនិងប្រជាជនកម្ពុជា និងបានប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ទាំង៩ស្រុក/ក្រុងផងដែរ។ ពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងទី១២ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានកិត្តិយសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត នឹងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត និងលោកជំទាវ ដោយមានការចូលរួម លោក-លោកស្រី អ្នកពាក់ព័ន្ធ បងប្អូនអតីតយុទ្ធជន និងនិវត្តជន ប្រមាណជិត៣០០នាក់ផងដែរ។
ថ្លែងនាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា អតីតយុទ្ធជន និងនិវត្តន៍ជន មិនត្រូវបានមើលរំលងឡើយ ពោលគឺទទួលបានការយកចិត្តទុកដាក់ជាខ្លាំងពីប្រមុខថ្នាក់ដឹកនាំសម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នឹងប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការទំនុកបម្រុងលើជីវភាពរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជន ក៏ដូចជាបានផ្តល់នូវផ្ទះ និងដីសម្រាប់ធ្វើកសិកម្មជាដើម។
ឯកឧត្ដម អភិបាលខេត្ត ក៏បានលើកឡើងថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចកាលតែងតែចាត់ទុកស្មារតីនៃការតស៊ូដ៏អង់អាចក្លាហាន និងពលិកម្មដ៏ស្មោះស្ម័គ្ររបស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាគំរូវីរភាពស្នេហាជាតិ ដ៏ឧត្តុង្គឧត្តម និងជាគុណណាច់ដ៏ធំធេងដែលត្រូវបានកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រជាតិ។
ឯកឧត្ដម បន្តថា ដើម្បីរំឭកអំពីវីរភាពនិងផ្តល់កិត្តិយសឱ្យស័ក្តិសមនឹងគុណបំណាច់របស់អតីតយុទ្ធជនចំពោះជាតិនិងប្រជាជន រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចលេខ៣១ សសរ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០០៧ ស្តីពីការកំណត់ទិវា អតីតយុទ្ធជនកម្ពុជា ដោយបានកំណត់យកថ្ងៃទី២១ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវា“អតីតយុទ្ធជនកម្ពុជា“។ ប៉ុន្តែដោយមានការគិតគូរ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះនិវត្តជនដែលជាអតីតមន្ត្រីរាជការស៊ីវិលដែលបាន លះបង់ពេលវេលា ចំណេះដឹង និងកម្លាំងកាយចិត្តយ៉ាងមោះមុតក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ និងប្រជាជន រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក៏បានចេញអនុក្រឹត្យលេខ១៤៥ អនក្រ.បក ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ស្តីពីទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដោយកំណត់យកថ្ងៃទី១២ ខែឧសភា ជាទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិញ ក្នុងគោលបំណងលើកតម្កើងវីរភាពដ៏អង់អាចក្លាហាន និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបានធ្វើពលិកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន ដើម្បីផ្សព្វផ្សាយឱ្យប្រជាជនទូទាំងប្រទេស បានយល់ដឹងកាន់តែទូលំទូលាយបន្ថែមទៀតអំពីអតីតយុទ្ធជន និង និវត្តជនកម្ពុជា បំផុសចលនាគាំទ្រអតីតយុទ្ធជន និងនិវត្តជន លើកកម្ពស់តួនាទីរបស់អតីតយុទ្ធជន និងនិវត្តជន ក្នុងសង្គមជាតិ ជំរុញស្មារតីស្នេហាជាតិក្នុងស្រទាប់ប្រជាជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជាពិសេស ស្រទាប់យុវជនដើម្បីប្រែក្លាយយុវជនឱ្យស័ក្តិសមជាសសរទ្រូងនិងជាអ្នកបន្តវេនប្រកបដោយឧត្តមគតិ មោះមុតរឹងមាំ និងសេចក្តីថ្លៃថ្នូរ៕

