(បន្ទាយមានជ័យ)៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦ បានរៀបចំពិធីត្រួតពិនិត្យចំនួនទ័ព-កូន និង នីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថឱ្យចូលសោធននិវត្តន៍ ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ងួន វ៉ា ស្នងការរង ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានក្រុមការងារទី៤ ចុះត្រួតពិនិត្យចំនួនទ័ព–កូន និងពិនិត្យស្ថានភាពយោធិន នៃកងរាជអាវុធហត្ថដល់អាយុចូលសោធននិវត្តន៍។
កិច្ចប្រជុំនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំ ធំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរង នាយសេនាធិការ–នាយសេនាធិការរង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថទាំង៩ក្រុង–ស្រុក ។
នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក៏បានរាយការណ៍សង្ខេបពាក់ព័ន្ធទៅនឹងវឌ្ឍនភាពការងារបញ្ជាការដ្ឋានកងរាជអាវុធហត្ថបន្ទាយមានជ័យ ដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយ “ភូមិ ឃុំ–សង្កាត់ មានសុវត្ថិភាព“ រួមនឹងកិច្ចការសង្គមជាច្រើន។ ជាមួយគ្នានោះកងរាជអាវុធហត្ថខេត្ត ក៏បានចូលរួមក្នុងកិច្ចការពារបូរណភាពទឹកដីពីការឈ្លានពានពីសត្រូវប្រទេសជិតខាងក្នុងភូមិសាស្ត្របន្ទាត់ព្រំដែនខេត្តបន្ទាយមានជ័យ ដែលបណ្ដាលឱ្យមានរបួស ពិការ និងពលីក្នុងសមរភូមិផងដែរ។
លោកឧត្តមសេនីយ៍ត្រី ងួន វ៉ា ស្នងការរង ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នូវការដឹងគុណចំពោះកងរាជអាវុធហត្ថដែលហ៊ានលះបង់គ្រប់បែបយ៉ាងក្នុងកិច្ចការពារបូរណភាពទឹកដីពីការឈ្លានពានរបស់សត្រូវប្រទេសជិតខាងកាលពីពេលកន្លងមក ដែលនេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា កងរាជអាវុធហត្ថមិនត្រឹមតែចូលរួមការពារសន្តិសុខជូនប្រជាពលរដ្ឋនៅមូលដ្ឋានប៉ុណ្ណោះទេ ក៏បានលះបង់យ៉ាងធំធេងតស៊ូប្រយុទ្ធការពារជាតិ ការពារប្រជាជន។
លោកឧត្តមសេនីយ៍ត្រី ងួន វ៉ា បានបញ្ជាក់ថា យោងតាមសេចក្តីណែនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាត់ឱ្យក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃប្រទេសចុះធ្វើធ្វើការត្រួតពិនិត្យចំនួនទ័ព–កូន ដើម្បីធ្វើបច្ចុប្បន្នភាព ដល់យោធិនដែលដល់អាយុត្រូវចូលនិវត្តន៍៕

