ឯកឧត្តមអភិ​សន្តិបណ្ឌិត​ ស សុខា ​និងលោក​ជំទាវ កោ​តសរសើរសមាគមនារី ដែលយក​ចិត្តទុក​ដាក់លើស្រ្តី ជា​មន្ត្រីចូលនិវត្តន៍

ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានកោតសរសើរ និងវាយ​តម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែ​ងរបស់គ​ណៈកម្ម​ការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងមហាផ្ទៃ ដែលបានផ្តួចផ្តើម​រៀប​ចំឱ្យមានព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ផ្សារភ្ជាប់មនោសញ្ចេតនាស្រឡាញ់រាប់អាន និងនឹករលឹក សួរសុខទុក្ខដល់ស្រ្តីជាមន្រ្តីចូលនិវត្តន៍ បើទោះបីជាលោកជំទាវ លោកស្រីទាំងអស់ បានចូលនិវ​ត្តន៍​ហើយក្តី។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ អញ្ជើញជា​អធិ​បតី​ពិធីសំណេះសំណាលជាមួយនិវត្តជនជាស្ដ្រី របស់ក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ នារ​សៀលថ្ងៃទី៣០ ខែ​មេសា ឆ្នាំ២០២៦។ ពិធីនេះមានការអញ្ជើញ​ចូលរួមពីលោកជំទា​វប្រធាន​ប្រតិប​ត្តិ អនុប្រធាន និងសមាជិក សមាជិការគណៈកម្មការសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង​អភិវឌ្ឍន៍ក្រសួងមហាផ្ទៃ ជាច្រើនរូបផងដែរ។

ឯកឧត្តមអភិសន្តិបណ្ឌិត បានបញ្ជាក់ថា ពិធីសំណេះសំណាលនេះ​មានសារៈសំ​ខាន់សម្រាប់​ក្រ​សួងមហាផ្ទៃ ក៏ដូចជាគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍​ក្រសួងម​ហាផ្ទៃ ដោយបង្ហាញពីការយកចិត្តទុកដាក់ចំពោះនិវត្តជនដែលជាស្ត្រី។ បើទោះបីជាលោកជំទាវ លោកស្រី ចូលនិវត្តន៍ក៏ដោយ ក្រសួង នៅតែផ្តល់តម្លៃ ព្រោះនិវត្តជនជាស្ដ្រីទាំងអស់ ជាឃ្លាំងចំ​ណេះ​ដឹង និងបទពិសោធ ជួយត្រួសត្រាយផ្លូវសម្រាប់មន្ត្រីជំនាន់ក្រោយ។

លោកជំទាវ ជូ ប៊ុនអេង ប្រធានប្រតិបត្តិគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង​អ​ភិវឌ្ឍន៍ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ត្រូវបាន​បង្កើតនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ហើយបានប្ដូរឈ្មោះ៤ដងតាមការវិវត្តសង្គម តាំងពីស​មាគ​មនារីសង្គ្រោះជាតិ សមាគមនារីបដិវត្តន៍កម្ពុជា សមាគមនារីកម្ពុជា និងពីឆ្នាំ១៩៩៩ មកដល់​បច្ចុប្បន្ន ជាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍។ សមាគមមានសាខាទូទាំងក្រសួង ស្ថាប័ន និងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ព្រមទាំងបណ្តាញដល់មូលដ្ឋាន និងវិស័យឯកជន។

លោកជំទាវប្រធានប្រតិបត្តិ បន្ថែមទៀតថា សមាគមនារី គឺជាកម្លាំងស្ម័គ្រចិត្ត ដើម្បីចូលរួ​មគាំទ្រគោ​លនយោបាយជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងបានប្រកាសជាផ្លូវការ នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ១៩៧៨ ដើម្បីរួមគ្នាជាមួយអង្គការយុវជន សហជីព និងរណៈសិរ្សរួបរួមជាតិ រំដោះ​ប្រទេសជាតិមាតុភូមិ និងប្រជាជនពីរបបប្រល័យពូជសាសន៍។

លោកជំទាវ បានបញ្ជាក់ថា ចរិតលក្ខណៈរបស់សមាគមនារី គឺផ្តោតលើសាមគ្គីភាព ឯកភាពផ្ទៃក្នុង មិនក្រអឺត​ក្រទម មិនរើសអើង ទន់ភ្លន់តែម៉ឺងម៉ាត់ ឈរលើអំពើល្អ ចេះជួយទុក្ខធុរៈគ្នា គាំទ្រគ្នា មិនអត្មា​និយម មិនឆ្កិះឆ្កៀល ញុះញង់ បំបែកបំបាក់សាមគ្គីភាព ដែលទាំងអស់នេះ ជាមូលដ្ឋានគ្រឹះ ធ្វើឱ្យសមាគមនារី នៅតែមានភាពរឹងមាំ និងស្វាហាប់ ឆ្ពោះទៅមុខ និងរីកចម្រើនឥតឈប់ឈរ។

គួរបញ្ជាក់ថា គណៈកម្មការសាខាសមាគមនារីក្រសួងមហាផ្ទៃ បានរៀបចំរចនាសម្ព័ន្ធ​ដែលមា​នសមា​សភាពជាអាទិ៍ ថ្នាក់កិត្តិយស មានសមាសភាព ចំនួន ១៥រូប ថ្នាក់ប្រតិបត្តិមាន ៥៥រូប លេខាធិកា​រដ្ឋានជាសេនាធិការមាន ៤៦រូប អនុសាខាសមាគមនារី នៅតាមបណ្តាអ​ង្គភាពចំណុះ​ក្រសួងមហាផ្ទៃ និងថ្នាក់ស្មើ ចំនួន ៦ ដែលមានថ្នាក់កិត្តិយស មាន ៤១រូប ជាប្រធាន និងឧត្តមភរិ​យាថ្នាក់ដឹកនាំអង្គភាព ថ្នាក់ប្រតិបត្តិ មាន ១១៦រូប និងសមាជិកដែលចុះបញ្ជីមាន ៥០០រូប៕

Leave a Reply

Your email address will not be published. Required fields are marked *