ខេត្តបន្ទាយមានជ័យ៖សមត្ថកិច្ចកម្ពុជា នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានបណ្តេញជនជាតិថៃ ប្រុស ស្រី ជាង៦០០នាក់ ចេញពីកម្ពុជា តាមច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយពីឃាត់ខ្លួនពាក់ព័ន្ធណីស្នាក់នៅ និងធ្វើការខុសច្បាប់ ។
គួរំលឹកផងដែរថា រយះពេលប៉ុន្មានថ្ងៃមកនេះ កម្លាំងសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) យ៉ាងក្តៅគគុកនៅក្រុងប៉ោយប៉ែត ជាច្រើនកន្លែង ដោយឃាត់ខ្លួនជនសង្ស័យបានជាច្រើននាក់។ ក្នុងវង្វង់ចុះប្រតិបត្តិការនោះដែរឃើញថា មានការផ្ទុះអាវុធជាច្រើនគ្រាប់បង្កការភ្ញាក់ផ្អើល ដោយសារជនល្មើសបានបាញ់តដៃជាមួយកម្លាំងសមត្ថកិច្ចរបស់យើង។ជាក់ស្តែង នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត, ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរង នគរបាលជាតិ បានសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកឧត្តសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្ត និងមានការចូលរួមពីរដ្ឋបាលក្រុងប៉ោយប៉ែត ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពី លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះបង្រ្កាបក្រុមលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ទ្រង់ទ្រាយធំ នៅក្នុងបុរីសានកូ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រកឃើញជនបរទេសជាច្រើននាក់ ហើយខណៈដែលកម្លាំងសមត្ថកិច្ចចូលបង្ក្រាបនោះឃើញថា ជនល្មើសបានព្យាយាមសម្រុករំដោះខ្លួនរត់ចេញដោយប្រើអាវុធបាញ់តដៃ ជាមួយកម្លាំងសមត្ថកិច្ចយើងផងដែរ ។
ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដ៏ក្តៅគគុកនៅក្រុងប៉ោយប៉ែតនេះ កម្លាំងសមត្ថកិច្ចនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រួមជាមួយកម្លាំងកងរាជអាវុធហត្ថនិងកម្លាំងយោធា ជាបឋមបានឃាត់ខ្លួនជនបរទេសជាច្រើននាក់ ភាគច្រើនជាជនជាតិចិន៕

