បន្ទាយមានជ័យ៖ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាសមាជិកឧត្តមក្រុមប្រឹក្សាជាន់ខ្ពស់ នៃអង្គការសម្ព័ន្ធពិភពឥស្លាម (RABITA) ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកអំណោយជាគម្រោងកញ្ចប់អាហាររបស់អង្គការសម្ព័ន្ធពិភពឥស្លាម ចែកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ន (ផ្ទះអតីតយុទ្ធជន) ប្រមាណ ១,៦០០គ្រួសារ។ ពិធីនេះបានធ្វើឡើង នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ទីប្រឹក្សារាជរដ្ឋាភិបាល ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក ឃ្លោក នួយ អភិបាលរង ខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រុមប្រឹក្សារាជធានី–ខេត្ត និងអាជ្ញាធរមូលដ្ឋានផងដែរ។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា បានពាំនាំនូវការសាកសួរសុខទុក្ខដោយក្តីនឹក រលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានគូសបញ្ជាក់ថា ទោះបីក្នុងកាលៈទេសៈណាក៏ដោយ រាជរដ្ឋាភិបាល និងសប្បុរសជន តែងតែនៅជាប់ជាមួយបងប្អូនជានិច្ច។ អំណោយដែលនាំមកចែកជូននៅថ្ងៃនេះ គឺជាសក្ខីភាពនៃទឹកចិត្តសប្បុរសធម៌របស់ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាសមាជិកឧត្តមក្រុមប្រឹក្សាជាន់ខ្ពស់ នៃអង្គការសម្ព័ន្ធពិភពឥស្លាម ដែលតែងតែគិតគូរពីទុក្ខលំបាក និងការហូបចុករបស់បងប្អូនភៀសសឹក ដើម្បីរួមចំណែកសម្រាលបន្ទុកជីវភាពក្នុងគ្រាដ៏លំបាកនេះ។
ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាសមាជិកឧត្តមក្រុមប្រឹក្សាជាន់ខ្ពស់ នៃអង្គការសម្ព័ន្ធពិភពឥស្លាម បានមានប្រសាសន៍ថា សកម្មភាពចុះចែកអំណោយនាឱកាសនេះ មិនត្រឹមតែជាការផ្តល់ស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្តល់នូវ «ក្តីសង្ឃឹម» និង «ភាពកក់ក្តៅ» ដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះ ដែលបង្ហាញឱ្យឃើញពីសាមគ្គីភាពដ៏រឹងមាំរបស់ជាតិខ្មែរ។
សូមបញ្ជាក់ថា ចំពោះអំណោយដែលបានផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកនាថ្ងៃនេះរួមមាន អង្ករ ២៥គីឡូក្រាម មីជាតិ ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ និងទឹកស៊ីអ៊ីវ ១យួរផងដែរ៕

