(បន្ទាយមានជ័យ) រដ្ឋបាលស្រុកមង្គលបូរី ដឹកនាំដោយលោក កែវ តុម ប្រធានក្រុមប្រឹក្សាស្រុក លោក រ័ត្ន ដាស៊ីណង់ អភិបាលនៃគណៈអភិបាលស្រុកមង្គលបូរី បានរៀបចំធ្វើយុទ្ធនាការផ្សព្វផ្សាយ សម្អាតបរិស្ថាន និងប្រមូលសំរាមតាមទីផ្សារធារណៈក្នុងស្រុកមង្គលបូរី ឆ្នាំ២០២៦។យុទ្ធនាការនេះបានធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦ ដោយមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំង លោក លោកស្រីជាមេឃុំ និងតំណាងឃុំទាំង១៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចូលរួមប្រមាណជាង ៣២០នាក់។
មានប្រសាសន៍មានឱកាសនោះលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានលើកឡើងថា៖ ថ្ងៃនេះ គឺជាថ្ងៃមួយប្រកបដោយបរិយាកាសរីករាយក្រៃលែង បានរៀបចំធ្វើយុទ្ធនាការផ្សព្វផ្សាយ សម្អាតបរិស្ថាន និងប្រមូលសំរាមតាមទីផ្សារធារណៈក្នុងស្រុកមង្គលបូរី ឆ្នាំ២០២៦ ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋយើងចេះទុកដាក់ និងវេចខ្ចប់សំរាមសំណល់រឹង ឲ្យបានត្រឹមត្រូវ និងមានរបៀបរៀបរយ ដើម្បីឲ្យស្រុករបស់យើងក្លាយជាស្រុកស្អាត ស្រស់បំព្រង មានសោភ័ណភាពទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់ទៅមក ឬមកស្នាក់នៅកំសាន្តនៅស្រុករបស់យើង ជាពិសេសបង្ការបាននៅជម្ងឺផ្សេងៗ។ ជាក់ស្ដែងវត្តមានរបស់លោក លោកស្រី ដែលបានចូលរួមនាពេលនេះគឺជាសក្ខីភាពមួយបញ្ជាក់យ៉ាងច្បាស់អំពីការយល់ដឹងការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ទៅលើកិច្ចគាំពារបរិស្ថានស្រុករបស់យើងឲ្យកាន់តែប្រសើរឡើងឆ្ពោះទៅរកការអភិវឌ្ឍន៍ដូចបណ្ដាប្រទេសរីកចម្រើនជឿនលឿនលើសាកលលោក។
លោក អភិបាលស្រុកមង្គលបូរី បានបញ្ជាក់ថា៖កិច្ចគាំពារបរិស្ថានមិនមែនជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ឬរដ្ឋបាលស្រុកផ្ដាច់មុខនោះទេ វាគឺជាការចូលរួមចំណែកទទួលខុសត្រូវរបស់យើងទាំងអស់គ្នា។ ហេតុដូចនេះហើយយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាការពារបរិស្ថានឲ្យបានល្អប្រសើរ ដើម្បីជាគុណប្រយោជន៍ដល់ខ្លួនយើង ក៏ដូចជាមនុស្ស សត្វ នៅលើភពផែនដីទាំងមូលនេះផងដែរ។
បន្ទាប់ពីការជួបជុំសំណេះសំណាលរួចមកថ្នាក់ដឹកនាំស្រុក មន្ត្រីរាជការ កងកម្លាំងទ លោក លោកស្រីជាមេឃុំ ទាំង១៣ឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បានធ្វើការរើសសម្រាម ហើយជាក្បួន ដើម្បីអំពាវនាវដល់សាធារណជនឲ្យមានការចូលរួមថែរក្សា អនាម័យ បរិស្ថាន និងចេះវេចខ្ចប់ទុកដាក់សំរាមសំណល់រឹង ឲ្យបានត្រឹមត្រូវតាមបច្ចេកទេស ត្រូវចេះសំអាតបរិវេណជុំវិញផ្ទះរបស់ខ្លួន ឲ្យបានស្អាតជាប្រចាំថ្ងៃ និងហាមដាច់ខាតការចោលសម្រាមនៅតាមទីសាធារណៈ៕

