(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានចុះប្រតិបត្តិការបង្រ្កាបករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវចូលហ្គោលថោន ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៥នាក់ ១–ឈ្មោះ ឆោម សាលីន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមេការខារ៉ាអូខេ បច្ចុប្បន្ននៅបន្ទប់ជួល ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ(ជួញដូរ និងប្រើប្រាស់), ២–ឈ្មោះ ចេន ដារ៉ូ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរចាក់ឌីជេ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិ២ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ (ជួញដូរ រក្សាទុក និងប្រើប្រាស់), ៣–ឈ្មោះ សិទ្ធិ ទិត្យា ហៅ តាន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរចិញ្ចឹមគោ បច្ចុប្បន្នរស់នៅភូមិតាក្រី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង(រក្សាទុក និងប្រើប្រាស់), ៤–ឈ្មោះ ហួត លីម៉េង ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរលក់ដូរ បច្ចុប្បន្នរស់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ(ប្រើប្រាស់), ៥–ឈ្មោះ អ៊ី ពិសី ហៅ ប៊ី ភេទស្រី អាយុ២៤ឆ្នាំ មុខរបរគ្មាន បច្ចុប្បន្នភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(ប្រើប្រាស់)។ ក្នុងប្រតិបត្តិការនេះដកហូតវត្ថុតាងរួមមានគ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌ស (កេតាមីន) ចំនួន៣៤ថង់កិប ទម្ងន់៥២,៩៥ក្រាម, កញ្ចប់ម្ស៉ៅPORSCHEរូបសេះពណ៌ស្វាយ និងពណ៌បៃតង (អ៊ិចស្តាស៊ី) ចំនួន២៥កញ្ចប់ ទម្ងន់១៣៧,៨៨ក្រាម, ម្ស៉ៅម៉ត់ពណ៌ទឹកក្រូច (អ៊ិចស្តាស៊ី) ចំនួន១៤ថង់កិប ១៨,៥៩ក្រាម, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០២គ្រឿង, រថយន្ត ចំនួន០១គ្រឿង, ម៉ូតូចំនួន០១គ្រឿង, ទូរស័ព្ទ ចំនួន១០គ្រឿង, កុំព្យូទ័រ ចំនួន០១គ្រឿង រួមនឹវត្ថុតាងមួយចំនួនធំទៀត ហើយនាំទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី។
លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានទិញគ្រឿងញៀនមក រក្សាទុក ដើម្បីលក់ផង និងប្រើប្រាស់ខ្លួនឯងផងពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាពនិងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅតុលាការហើយនៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

