បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បាននាំយកអំណោយរបស់សប្បុរសជន ជនជាតិចិន មានអង្ករ គ្រឿងឧបភោគ បរិភោគ ចែកជូនដល់បងប្អូនជនភៀសសឹកដែលកំពុងស្នាក់បណ្ដោះអាសន្ន ផ្ទះអតីតយុទ្ធជន ប្រមាណ៣០០០គ្រួសារ ស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តក៏បានថ្លែងអំណរគុណដល់សប្បុរសជនចិន ដែលបានចូលរួមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដោះស្រាយស្បៀងជូនបងប្អូនភៀសសឹក កំពុងស្នាក់នៅបណ្ដោះអាសន្ន ខណៈដី ធ្លី ផ្ទះសំបែងរបស់ពួកគាត់ ត្រូវបានយោធាថៃ ដាក់ទូកុងតឺន័រ បន្លាលួស ហ៊ុំព័ទ្ធ រំលោភដែនអធិបតេយ្យភាពរបស់កម្ពុជា កាលពីសង្គ្រាមឈ្លានពានរយៈពេល២១ថ្ងៃកន្លង ក្រោយពេលបទឈប់បាញ់ចូលជាធរមានកាលពីវេលាម៉ោង១២និង០០ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥កន្លងទៅ។
ជាមួយគ្នានោះឯកឧត្តម អភិបាលខេត្ត ក៏បានបញ្ជាក់ដល់បងប្អូនភៀសសឹកថា ការរៀបចំផ្ទះអតីតយុទ្ធជននេះ ដែលរដ្ឋាភិបាលផ្តល់ជូនសម្រាប់បងប្អូនបណ្តោះអាសន្ននេះ ពុំមានការយកថវិកាពីអង្គការក្រៅរដ្ឋាភិបាលណា មកសាងសង់នោះទេ គឺជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សាងសង់ផ្ទះជូនបងប្អូនអតីតយុទ្ធជន ផ្តល់ជូនដល់បងប្អូនភៀសសឹក បានរស់នៅបណ្តោះអាសន្ន មានទីជម្រកសមរម្យ ជៀសផុតពីការលំបាកនៅរដូវភ្លៀងជាដើម។ ហើយក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្តបន្ទាយមានជ័យ និងបន្តយកចិត្តទុកដាក់ទៅលើជីវភាព និងការរស់នៅរបស់បងប្អូនគ្រប់ពេលវេលា រហូតដល់បញ្ហាព្រំដែនត្រូវបានដោះស្រាយរួចរាល់។
សូមបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋភៀសសឹកជាង៣០០០គ្រួសារ ទទួលអំណោយក្នុងមួយគ្រួសារ អង្ករ១០គីឡូក្រាម, មីមួយកេស, ទឹកសុទ្ធ២យួរ, ទឹកស៊ីអ៊ីវមួយយួរ និងទឹកត្រីមួយយួរ៕

