(ប៉ៃលិន) ដោយមានការណែនាំ និងយកចិត្តទុកដាក់ពី លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ លោក សៀ សុខុម អភិបាល នៃគណៈអភិបាលស្រុកសាលាក្រៅ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងលោកឧកញ៉ា ឡោ ស៊ុនជាង ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសាលាក្រៅ បានដឹកនាំសមាជិក សមាជិកា គណៈកម្មាធិការអនុសាខាស្រុក បានចុះជួបសួរសុខទុក្ខ បន្ទាប់ពីបានផ្ដល់ជូនមុននូវស័ង្កសីតាមការខូចខាតរបស់គ្រួសារនីមួយៗ ទៅតាមទំហំជាក់ស្តែង សរុបចំនួន៧៦៣សន្លឹក មានភូមិចំនួន៦ភូមិ ក្នុងនោះមានភូមិព្រៃសន្ទះ ១គ្រួសារ ភូមិភ្នំក្រិញ ១៥គ្រួសារ ភូមិអន្លង់រក្សា ១គ្រួសារ ភូមិបាយសី ៣គ្រួសារ ភូមិអូរកន្ធាងវ៉ា ២៦គ្រួសារ និងភូមិដីសថ្មី ២គ្រួសារ ស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ធ្វើឲ្យប៉ើងតំបូលផ្ទះសរុបចំនួន៤៨ខ្នង(៤៨គ្រួសារ) ។
ក្នុងឱកាសសំណេះសំណាលសួរសុខទុក្ខ លោកប្រធានកិត្តិយសអនុសាខាស្រុកបានពាំនាំ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា និងជាអភិបាលខេត្តប៉ៃលិន ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់ៗរូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ និងបានសម្ដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែងទ្រព្យសម្បត្តិ របស់បងប្អូន ដែលនេះជាគ្រោះមហន្តរាយបង្កដោយធម្មជាតិគ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ។ ទន្ទឹមនោះ លោកប្រធាន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នា ជាពិសេស សូមមេត្តាថែទាំសុខភាពឱ្យបានល្អថែទាំកូនចៅតូចៗត្រូវប្រុងប្រយ័ត្នខ្លាចក្រែងជួបវិបត្តិផ្សេងៗ ម្យ៉ាងវិញទៀត បើឃើញភាពមិនស្រួលចំពោះសុខភាពត្រូវប្រញាប់ទៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែល នៅជិតបំផុត ដើម្បីអាចពិគ្រោះ ឬព្យាបាលបានទាន់ពេលវេលា ។
បន្ទាប់ពីបាននាំយកអំណោយមនុស្សធម៌ចែកជូនរួចមក ក្រុមការងារអនុសាខាក៏បានបន្តសកម្មភាពយ៉ាងសកម្ម ដោយចុះជួយជួសជុល និងប្រក់ដំបូលផ្ទះជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ដើម្បីឱ្យពួកគាត់មានជម្រកស្នាក់នៅសមរម្យឡើងវិញ និងជួយសម្រាលទុក្ខលំបាកបានមួយកម្រិតធំ។
សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបានអំណោយរួមមាន ៖ អង្ករ ២៥គីឡូ , ទឹកត្រី ១យួរ , មី ១កេស, ទឹកបរិសុទ្ធ២យួរ និងថវិកាមួយចំនួនផងដែរ៕

