បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញ ជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «ប្រព័ន្ធតាមដានថវិកាឃុំ–សង្កាត់» ។ពិធីនេះបានធ្វើឡើងនៅសាលប្រជុំ (ក) សាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោក ហ៊ឹល រ៉ាយ៉ា អភិបាលរង ខេត្ត គ្រូឧទ្ទេសថ្នាក់ជាតិ នៃក្រសួងមហាផ្ទៃ គ្រូបង្គោលថ្នាក់ខេត្ត និងសិក្ខាកាមមកពីបណ្តាឃុំ–សង្កាត់ ទាំង៦៧ផងដែរ។
នាឱកាសនោះឯកឧត្ដម អ៊ុំ រាត្រី បានបញ្ជាក់ជូនសិក្ខាកាមថា ការគ្រប់គ្រងថវិកាបានល្អ គឺមានន័យថា វាបានឆ្លុះបញ្ចាំងនូវប្រព័ន្ធអភិបាលកិច្ចល្អ បញ្ជាក់អំពីធាតុដ៏មានសារៈសំខាន់មួយចំនួនដូចជា តម្លាភាព ៖ ប្រជាពលរដ្ឋ បានមើលឃើញ ដឹងឮ និងស្វែងរកព័ត៌មានបានអំពីការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់កញ្ចប់ថវិកាជាតិ ប្រកបដោយទំនុកចិត្តបំផុត។ គណនេយ្យភាព ៖ រាល់ការចំណាយថវិកាគឺមានភាពត្រឹមត្រូវស្របតាមនីតិវិធីច្បាប់ ជាពិសេស តួអង្គអ្នកចំណាយផ្ទាល់គឺ មានភាពម្ចាស់ការប្រកបដោយការទទួលខុសត្រូវខ្ពស់។ សមធម៌ និងការឆ្លើយតប ៖ រាល់ការចំណាយថវិកាគឺ ត្រូវបានធ្វើឡើងចំគោលដៅ និងពិតជាបម្រើឱ្យផលប្រយោជន៍ទូទៅប្រកបដោយបរិយាប័ន្ន។ ប្រសិទ្ធភាព ៖ គឺ ការប្រើប្រាស់ធនធានដោយសន្សំសំចៃ ប៉ុន្តែទទួលបានលទ្ធផលរីកចម្រើនដល់សហគមន៍យ៉ាងពិតប្រាកដ និងជាពិសេស រាល់សមិទ្ធិផលដែលទទួលបានប្រកបដោយគុណភាព ទាន់ពេលវេលា និងមាននិរន្តរភាពយូរអង្វែង តាមការរំពឹងទុកទៀតផង។
ឯកឧត្តម អភិបាលខេត្ត បានបន្តថា វគ្គបណ្តុះបណ្តាលនេះ គឺមានគោលបំណង សំខាន់ៗ ដូចជា ៖ ១–ដើម្បីលើកកម្ពស់ការយល់ដឹងផ្នែកលិខិតបទដ្ឋានគិតយុត្តិ និងបទដ្ឋានបច្ចេកទេសថ្មីៗ, ២–ដើម្បីលើកកម្ពស់ និងតម្រង់ទិសលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ, ៣–ដើម្បីដោះស្រាយបញ្ហាប្រឈមដែលបានជួបប្រទះនាពេលកន្លងមក និងឈានទៅរកការអនុវត្តឱ្យមាន ការឯកភាពគ្នាលើប្រព័ន្ធតែមួយក្នុងក្របខណ្ឌទូទាំងប្រទេស, ៤–ដើម្បីឱ្យមន្ត្រីពាក់ព័ន្ធនៅថ្នាក់ក្រុង ស្រុក មានការយល់ដឹងកាន់តែច្បាស់ និងចេះតាមដាន កែលម្អនូវ ការអនុវត្តថវិកាសេវាសង្គម និងអនាម័យបរិស្ថាន ក្នុងប្រព័ន្ធតាមដានថវិកាឃុំ សង្កាត់ និងឱ្យមន្ត្រីនៅ ថ្នាក់ឃុំ សង្កាត់ ចេះប្រើប្រាស់ និងបញ្ចូលទិន្នន័យតាមប្រព័ន្ធឌីជីផលបានច្បាស់លាស់ផងដែរ៕

