បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ មានការអញ្ជើញចូលរួមលោកជំទាវ នួម សុភ័ណ អនុប្រធាន កត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ អមដំណើរដោយក្រុមការងារគណៈកម្មាធិការសាខាខេត្ត អនុសាខាកាកបាទក្រហមកម្ពុជាស្រុក នាថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២៦ បាននាំយកថវិកាចូលរួមបុណ្យជនរងគ្រោះមានឈ្មោះ ផល ស្រីអ៊ុង ភេទស្រី អាយុ ៣០ឆ្នាំ មានទីលំនៅភូមិធ្មេញត្រី ឃុំសំរោង បានស្លាប់ដោយសារខ្យល់កន្ត្រាក់ រលំរោងចាំស្រែសង្កត់ កាលវេលាម៉ោង ១៥.៣០នាទីរសៀល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦។
ក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី និងក្រុមការងារក៏បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសពចំពោះការបាត់បង់សមាជិកដោយសារតែគ្រោះធម្មជាតិ។ ជាមួយគ្នានោះឯកឧត្តមក៏បន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តបង្កើនការប្រុងប្រយ័ត្ន ត្រូវរកកន្លែងមានសុវត្ថិភាព បើក្នុងករណីមេឃរកភ្លៀង ឬផ្គរ រន្ទះ ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង។
យោងតាមរបាយករណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យ បញ្ជាក់ថា ចាប់ពីថ្ងទី១៥ ដល់១៨ ខែមេសា ឆ្នាំ២០២៦ មានករណីខ្យល់កន្ត្រាក់ បណ្តាលឱ្យមនុស្សស្លាប់១នាក់ ខូចខាតផ្ទះចំនួន៦៨៧ខ្នងនិងលើស្រុក ចំនួន ៦ និង ឃុំ ចំនួន៩ឃុំ រួមមាន ១–ស្រុកថ្មពួក(ឃុំគោករមៀត) ៤៤១ខ្នង, ២–ស្រុកអូរជ្រៅ (ឃុំអូរបីជាន់ កូប សំរោង) ១៦៧ខ្នង ,៣–ស្រុកព្រះនេត្រព្រះ (ឃុំប្រាសាទ) ២៤ខ្នង, ៤–ស្រុកស្វាយចេក(ឃុំ ស្លក្រាម) ៤៦ ខ្នងផ្ទះ, ៥–ស្រុកម៉ាឡៃ(ឃុំបឹង បេង និងទួល ពង្រ) ៣៩ខ្នង , ៦–ស្រុកភ្នំស្រុក (ឃុំណាំតៅ ប៉ោយចារ) ៤ខ្នង៕

