បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ អមដំណើរដោយលោកជំទាវ នួម សុភ័ណ អនុប្រធាន កត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ រួមនិងក្រុមការងារគណៈកម្មាធិការសាខាខេត្ត អនុសាខាកាកបាទក្រហមកម្ពុជាស្រុក បាននាំអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ជូនពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន៤៤១គ្រួសារ នៅក្នុងឃុំគោករមៀត ស្រុកថ្មពួកនាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ។
នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត ពេជចន្ទ មុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ដែលសម្តេច និងលោកជំទាវបណ្ឌិត តែងតែគិតគូរពីសុខទុក្ខរបស់ បងប្អូន ជានិច្ច។
ឯកឧត្ដម បានបញ្ជាក់ថា បេសកកម្មរបស់កាកបាទក្រហមកម្ពុជា គឺជួដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតរងគ្រោះដោយសារគ្រោះធម្មជាតិផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌ សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺលោកតែងតែមានការយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនពលរដ្ឋជាខ្លាំង។ ជាក់ស្តែងក្រោយពីទទួលព័ត៌មានភ្លាម សម្តេចបានចាត់ក្រុមការងារ ដែលមានសាខាកាកបាទក្រហមកម្ពុជាខេត្ត ជាសេនាធិកា បានចុះជួយបងប្អូនពលរដ្ឋដោយផ្ទាល់ដើម្បីធ្វើការដោះស្រាយស្បៀងសង្គ្រោះបន្ទាន់ជូនបងប្អូន ដោយមិនបង្អង់យូរឡើយ ពោលគឺដោះស្រាយភ្លាមៗ។
ចំពោះ អំណោយដែលផ្តល់ជូនបងប្អូនពលរដ្ឋទាំង៤៤១គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម ,មី២៥កញ្ចប់ , ទឹកស៊ីអ៊ីវ ១ យួរ, ទឹកត្រី១យួរ រួមនឹងថវិកាមួយចំនួនផងដែរ៕

