បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សាខេត្ត ទទួលបដិសណ្ឋារកិច្ច គណៈប្រតិភូខេត្តវិញឡុង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយឯកឧត្តម ង្វៀន គ្វិញថៀន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តវិញឡុងនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំង គណៈប្រតិភូអមដំណើរ អញ្ជើញ មកបំពេញទស្សនកិច្ច និងជូនពរឆ្នាំថ្មី ប្រពៃណី ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ គ.ស ២០២៦ ដើម្បីជូនពរដល់ថ្នាក់ដឹកនាំ និងប្រជាជនខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ ឯកឧត្ដម អ៊ុំ រាត្រី ក៏បានស្វាគមចំពោះគណៈប្រតិភូខេត្តវិញឡុងដែលបានឆ្លៀតពេលដ៏មានតម្លៃ ធ្វើដំណើរក្នុងចម្ងាយផ្លូវជាច្រើនរយគីឡូម៉ែត្រ ដើម្បីមកអបអរសាទរ និងជូនពរដល់ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជានៅក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចជាប្រជាជនកម្ពុជានៅទូទាំងប្រទេស ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ បង្ហាញនូវមនោសញ្ចេតនាស្រឡាញ់រាប់អានប្រកបដោយភាតរភាពជាបងប្អូន និងជាការរឹតចំណងសាមគ្គីភាពដ៏រឹងមាំស្ថិតស្ថេរ ជាអង្វែងតទៅ។ ក្នុងនោះឯកឧត្តម អភិបាលខេត្ត ក៏បានជម្រាបជូនដល់នូវរបាយការសង្ខេប ពាក់ព័ន្ធសក្កានុពលដែលមាននៅក្នុងខេត្ត។ ជាពិសេស វិស័យកសិកម្ម និងកសិឧស្សាហកម្មដោយឆ្នាំកន្លងទៅខេត្តបន្ទាយមានជ័យ បាននាំចេញស្រូវប្រមាណជាពី៣០ទៅ៤០ម៉ឺនតោន និងដំឡូងមីស្រស់ប្រមាណជា៧០ម៉ឺនតោនទៅកាន់ប្រទេសវៀតណាម ទន្ទឹមនោះ សម្ព័ន្ធដំឡូងមីកម្ពុជា ក៏បានចុះកុងត្រាជាមួយប្រទេសវៀតណាម លើបរិមាណនាំចេញទិន្នផលដំឡូងមីប្រមាណជា៩លានតោនក្នុងក្របខណ្ឌទូទាំងប្រទេស ក្នុងនោះ សម្រាប់ខេត្តបន្ទាយមានជ័យ ក៏មានកូតានាំចេញប្រមាណជា៧០ម៉ឺនតោនផងដែរ។
ឯកឧត្តម ង្វៀន គ្វិញថៀន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តវិញឡុង ក៏បានថ្លែងនូវការសរសើរចំពោះភាពរីកចម្រេីនរបស់ខេត្តបន្ទាយមានជ័យ លើគ្រប់វិស័យ ។ និងបានបង្ហាញការចាប់អារម្មណ៍វិស័យកសិកម្ម ឧស្សាហកម្ម ដែលជាវិស័យអាទិដ្ឋភាពមួយដែលមានការរីកចម្រើន ដែលបានផលិតផលបាននាំចេញទៅក្រៅប្រទេស ក្នុងនោះ ក៏បាននាំចេញទៅប្រទេសវៀតណាមដែរ។ បន្ទាប់ពីបានស្តាប់នូវការរាយការណ៍សង្ខេបពីវឌ្ឍនៈភាពរបស់ខេត្តបន្ទាយមានជ័យ ឯកឧត្ដម ចាប់អារម្មណ៍ជាខ្លាំងទៅលើវិស័យឧស្សាហកម្ម ដោយខេត្តវិញឡុង នឹងពិភាក្សាលម្អិត ជាមួយថ្នាក់នាំខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការវិនិយោគទុនលើវិស័យឧស្សាហកម្មដែលមានសក្ដានុពលក្នុងខេត្ត។
សូមបញ្ជាក់ថា ៖ ខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តវិញឡុង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអនុវត្ត MoU ចំនួនបីលើករួចមកហើយ ដែលលើកទី១ ចុះហត្ថលេខានៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១២ មានសុពលភាពចាប់ពីឆ្នាំ២០១២–២០១៦ លើកទី២ ចុះហត្ថលេខានៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧មានសុពលភាពចាប់ពីឆ្នាំ២០១៧–២០២១ និងលើកទី៣ កាលពីថ្ងៃទី១៦ ខែមករាឆ្នាំ២០២៥ បានចុះហត្ថលេខាជាផ្លូវការដែលមានសុពលភាពរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២៥ ដល់២០២៩ ដើម្បីបន្តលើកកម្ពស់ស្មារតី “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើវិស័យពាក់ព័ន្ធឱ្យស្ថិតស្ថេរយូរអង្វែង”៕

